8. ដោយសារម្ដាយនាងបញ្ចេះ នាងក៏ទូលសុំថា៖ «សូមប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះ»
9. ស្ដេចព្រួយចិត្ដណាស់ ប៉ុន្ដែដោយសារតែពាក្យសម្បថ និងពួកភ្ញៀវ ស្ដេចក៏បញ្ជាឲ្យធ្វើតាមសំណូមនាង។
10. ស្ដេចក៏ចាត់គេឲ្យទៅកាត់កលោកយ៉ូហាននៅក្នុងគុក
11. រួចគេយកក្បាលរបស់គាត់ដាក់លើថាសឲ្យទៅនាង ហើយនាងក៏យកទៅឲ្យម្ដាយរបស់នាង។
12. ពួកសិស្សរបស់គាត់បានចូលមកយកសពគាត់ទៅបញ្ចុះ ហើយក៏មករៀបរាប់ប្រាប់ព្រះយេស៊ូ។
13. ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។
14. ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។
15. លុះដល់ល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គ ទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ឯម៉ោងក៏ជ្រុលហើយ សូមរំសាយបណ្ដាជនឲ្យទៅតាមភូមិ ដើម្បីឲ្យគេទិញអាហារសម្រាប់ខ្លួនគេ»
16. តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។
17. ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «នៅទីនេះយើងគ្មានអ្វីទេ ក្រៅពីនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»
18. ព្រះអង្គក៏មានបន្ទូលថា៖ «ចូរយកត្រី និងនំប៉័ងនោះមកឲ្យខ្ញុំនៅទីនេះ»
19. ព្រះអង្គបានបង្គាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ហើយយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យបណ្ដាជន
20. ពួកគេបានបរិភោគ និងឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា រួចគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រកពេញៗ
21. ហើយអ្នកដែលបានបរិភោគ មានបុរសប្រហែលប្រាំពាន់នាក់មិនរាប់ស្ត្រី និងកូនក្មេងទេ។
22. ភ្លាមនោះ ព្រះអង្គតឿនពួកសិស្សព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ខណៈនោះព្រះអង្គក៏រំសាយបណ្ដាជន។