គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:2-21 Khmer Christian Bible (KCB)

2. ស្ដេច​មាន​បន្ទូល​ទៅ​ពួក​បាវបម្រើ​ថា៖​ «ម្នាក់​នេះ​ជា​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុនេះ​ហើយ​បាន​ជា​មាន​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​គាត់‍»‍។​

3. ដ្បិត​ស្ដេច​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន​ ហើយ​ឃុំ​គាត់​ក្នុង​គុក​ ដោយសារ​តែ​ព្រះ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ត្រូវ​ជា​ប្អូន​របស់​ស្ដេច​

4. ព្រោះ​លោក​យ៉ូហាន​បាន​ទូល​ប្រាប់​ស្ដេច​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​ព្រះអង្គ​យក​ព្រះ​នាង​ធ្វើ​ជា​ប្រពន្ធ​នោះ»​

5. ស្ដេច​ចង់​សម្លាប់​គាត់​ណាស់​ ប៉ុន្ដែ​ខ្លាច​បណ្ដាជន​ ព្រោះ​ពួកគេ​បាន​ចាត់​ទុក​គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល​

6. ប៉ុន្ដែ​ដល់​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ស្ដេច​ហេរ៉ូឌ​ កូន​ស្រី​របស់​ព្រះ​នាង​ហេរ៉ូឌាស​ បាន​រាំ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​ស្ដេច​ហេរ៉ូឌ​ក៏​ពេញ​ចិត្ដ​នឹង​នាង​

7. ដូច្នេះ​ ស្ដេច​ក៏​សន្យា​នឹង​នាង​ដោយ​ស្បថ​ថា​ នឹង​ប្រទាន​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​

8. ដោយសារ​ម្ដាយ​នាង​បញ្ចេះ​ នាង​ក៏​ទូល​សុំ​ថា៖​ «សូម​ប្រទាន​ក្បាល​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»​

9. ស្ដេច​ព្រួយ​ចិត្ដ​ណាស់​ ប៉ុន្ដែ​ដោយសារ​តែ​ពាក្យ​សម្បថ​ និង​ពួក​ភ្ញៀវ ស្ដេច​ក៏​បញ្ជា​ឲ្យ​ធ្វើ​តាម​សំណូម​នាង។​

10. ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាន​នៅ​ក្នុង​គុក​

11. រួច​គេ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​ឲ្យ​ទៅ​នាង​ ហើយ​នាង​ក៏​យក​ទៅ​ឲ្យ​ម្ដាយ​របស់​នាង។​

12. ពួក​សិស្ស​របស់​គាត់​បាន​ចូល​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ ហើយ​ក៏​មក​រៀបរាប់​ប្រាប់​ព្រះយេស៊ូ។​

13. ពេល​ព្រះយេស៊ូ​ឮ​ពី​ការ​នេះ​ ព្រះអង្គ​ក៏​យាង​តាម​ទូក​ចេញ​ពី​ទីនោះ​ ទៅ​កន្លែង​ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង​ តែ​ពេល​បណ្ដាជន​បាន​ដឹង​ក៏​ចេញ​ពី​ក្រុង​នានា​ ដើរ​ទៅ​តាម​ព្រះអង្គ។​

14. ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះករ​ ក៏​មាន​ចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ និង​បាន​ប្រោស​អ្នក​ជំងឺ​ទាំងឡាយ​ក្នុង​ចំណោម​ពួកគេ​ឲ្យ​បាន​ជា។​

15. លុះ​ដល់​ល្ងាច​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ ឯ​ម៉ោង​ក៏​ជ្រុល​ហើយ​ សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​តាម​ភូមិ​ ដើម្បី​ឲ្យ​គេ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»​

16. តែ​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មិន​ចាំបាច់​ឲ្យ​ពួកគេ​ទៅ​ទេ​ ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​គេ​បរិភោគ​ផង‍»‍។​

17. ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទី​នេះ​យើង​គ្មាន​អ្វី​ទេ​ ក្រៅ​ពី​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​

18. ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ចូរ​យក​ត្រី​ និង​នំប៉័ង​នោះ​មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ»​

19. ព្រះអង្គ​បាន​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ស្មៅ​ ហើយ​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន​

20. ពួកគេ​បាន​បរិភោគ​ និង​ឆ្អែត​ស្កប់​ស្កល់​គ្រប់ៗ​គ្នា​ រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ដប់ពីរ​កន្ដ្រក​ពេញ‍ៗ​

21. ហើយ​អ្នក​ដែល​បាន​បរិភោគ​ មាន​បុរស​ប្រហែល​ប្រាំ​ពាន់​នាក់​មិន​រាប់​ស្ត្រី​ និង​កូនក្មេង​ទេ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 14