2. ស្ដេចមានបន្ទូលទៅពួកបាវបម្រើថា៖ «ម្នាក់នេះជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក បានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»។
3. ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច
4. ព្រោះលោកយ៉ូហានបានទូលប្រាប់ស្ដេចថា៖ «វាមិនត្រឹមត្រូវទេដែលព្រះអង្គយកព្រះនាងធ្វើជាប្រពន្ធនោះ»
5. ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល
6. ប៉ុន្ដែដល់ថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ស្ដេចហេរ៉ូឌ កូនស្រីរបស់ព្រះនាងហេរ៉ូឌាស បានរាំនៅកណ្ដាលចំណោមពួកគេ ហើយស្ដេចហេរ៉ូឌក៏ពេញចិត្ដនឹងនាង
7. ដូច្នេះ ស្ដេចក៏សន្យានឹងនាងដោយស្បថថា នឹងប្រទានអ្វីក៏ដោយដែលនាងសុំ
8. ដោយសារម្ដាយនាងបញ្ចេះ នាងក៏ទូលសុំថា៖ «សូមប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះ»
9. ស្ដេចព្រួយចិត្ដណាស់ ប៉ុន្ដែដោយសារតែពាក្យសម្បថ និងពួកភ្ញៀវ ស្ដេចក៏បញ្ជាឲ្យធ្វើតាមសំណូមនាង។
10. ស្ដេចក៏ចាត់គេឲ្យទៅកាត់កលោកយ៉ូហាននៅក្នុងគុក
11. រួចគេយកក្បាលរបស់គាត់ដាក់លើថាសឲ្យទៅនាង ហើយនាងក៏យកទៅឲ្យម្ដាយរបស់នាង។
12. ពួកសិស្សរបស់គាត់បានចូលមកយកសពគាត់ទៅបញ្ចុះ ហើយក៏មករៀបរាប់ប្រាប់ព្រះយេស៊ូ។
13. ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។
14. ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។
15. លុះដល់ល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គ ទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ឯម៉ោងក៏ជ្រុលហើយ សូមរំសាយបណ្ដាជនឲ្យទៅតាមភូមិ ដើម្បីឲ្យគេទិញអាហារសម្រាប់ខ្លួនគេ»
16. តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។
17. ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «នៅទីនេះយើងគ្មានអ្វីទេ ក្រៅពីនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»