7. គ្រាប់ពូជខ្លះទៀតក៏ធ្លាក់លើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតគ្រាប់ពូជនោះ។
8. ប៉ុន្ដែគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយឲ្យផលមួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។
9. អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ!»
10. ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេជារឿងប្រៀបប្រដូចដូច្នេះ?»
11. ព្រះអង្គមានបន្ទូលឆ្លើយទៅគេថា៖ «ពីព្រោះអាថ៌កំបាំងនៃនគរស្ថានសួគ៌បានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែមិនបានប្រទានឲ្យអ្នកទាំងនោះទេ
12. ដ្បិតអ្នកណាដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង
13. ហេតុនេះហើយបានជាខ្ញុំនិយាយនឹងគេជារឿងប្រៀបប្រដូច ដ្បិតគេមើល ប៉ុន្ដែមិនឃើញ ស្ដាប់ ប៉ុន្ដែមិនឮ និងមិនយល់ផង។
14. សេចក្ដីដែលលោកអេសាយបានថ្លែងទុកមក បានសម្រេចតាមរយៈពួកគេហើយ គឺអ្នករាល់គ្នាស្ដាប់ឮ ប៉ុន្ដែមិនយល់ ហើយមើលឃើញ ប៉ុន្ដែមិនដឹងសោះ។
15. ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។
16. ភ្នែករបស់អ្នករាល់គ្នាមានពរណាស់ ដ្បិតបានមើលឃើញ ហើយត្រចៀកក៏ដូច្នេះដែរ ដ្បិតបានស្ដាប់ឮ។
17. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកនាំព្រះបន្ទូល និងពួកមនុស្សសុចរិតជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាឃើញ ប៉ុន្ដែមិនបានឃើញទេ ក៏ចង់ឮអ្វីដែលអ្នករាល់គ្នាឮដែរ ប៉ុន្ដែមិនបានឮឡើយ។
18. ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់រឿងប្រៀបប្រដូចអំពីកសិករព្រោះគ្រាប់ពូជចុះ។
19. អស់អ្នកដែលឮព្រះបន្ទូលអំពីនគរព្រះជាម្ចាស់ ប៉ុន្ដែមិនយល់ អារក្សក៏មកឆក់យកសេចក្ដីដែលបានព្រោះក្នុងចិត្ដអ្នកនោះទៅ នេះជាអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ
20. អ្នកដែលទទួលគ្រាប់ពូជនៅកន្លែងមានថ្ម គឺជាអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមទាំងអំណរ
21. ប៉ុន្ដែគេមិនបានចាក់ឫសទេ គឺធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
22. ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
23. ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីល្អ គឺជាអ្នកដែលឮព្រះបន្ទូលហើយ ក៏យល់ អ្នកនោះបង្កើតផល គឺឲ្យផលមួយជាមួយរយ ខ្លះហុកសិប ខ្លះទៀតសាមសិប»។
24. ព្រះអង្គលើកយករឿងប្រៀបប្រដូចមួយទៀតដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាបុរសម្នាក់ ដែលព្រោះពូជល្អទៅក្នុងស្រែគាត់
25. ក្រោយមក ពេលមនុស្សដេកលក់អស់ សត្រូវគាត់បានមកព្រោះស្រងែក្នុងចំណោមស្រូវនោះ ហើយក៏ចេញទៅ