គម្ពីរសញ្ញាថ្មី

ម៉ាថាយ 13:7-19 Khmer Christian Bible (KCB)

7. គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​លើ​ដី​មាន​បន្លា​ បន្លា​ក៏​ដុះ​ឡើង​រួបរឹត​គ្រាប់​ពូជ​នោះ។​

8. ប៉ុន្ដែ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ហើយ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​សាម​សិប។​

9. អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ!»​

10. ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​លោក​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ដូច្នេះ?»​

11. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖​ «ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ទេ​

12. ដ្បិត​អ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​

13. ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ ដ្បិត​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ស្ដាប់​ ប៉ុន្ដែ​មិន​ឮ​ និង​មិន​យល់​ផង‍។​

14. សេចក្ដី​ដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​មក​ បាន​សម្រេច​តាមរយៈ​ពួកគេ​ហើយ​ គឺ​អ្នក​រាល់គ្នា​ស្ដាប់​ឮ​ ប៉ុន្ដែ​មិន​យល់​ ហើយ​មើល​ឃើញ​ ប៉ុន្ដែ​មិន​ដឹង​សោះ។​

15. ដ្បិត​ចិត្ដ​របស់​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​គេ​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​ពុំ​នោះ​សោត​ គេ​មុខ​ជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​

16. ភ្នែក​របស់​អ្នក​រាល់គ្នា​មាន​ពរ​ណាស់​ ដ្បិត​បាន​មើល​ឃើញ​ ហើយ​ត្រចៀក​ក៏​ដូច្នេះ​ដែរ​ ដ្បិត​បាន​ស្ដាប់​ឮ។​

17. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ ប៉ុន្ដែ​មិន​បាន​ឃើញ​ទេ​ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​រាល់គ្នា​ឮ​ដែរ​ ប៉ុន្ដែ​មិន​បាន​ឮ​ឡើយ។​

18. ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​រឿង​ប្រៀប​ប្រដូច​អំពី​កសិករ​ព្រោះ​គ្រាប់​ពូជ​ចុះ។​

19. អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​អំពី​នគរ​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​យល់​ អារក្ស​ក៏​មក​ឆក់​យក​សេចក្ដី​ដែល​បាន​ព្រោះ​ក្នុង​ចិត្ដ​អ្នក​នោះ​ទៅ​ នេះ​ជា​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ​

សូមអានជំពូកពេញលេញ ម៉ាថាយ 13