គម្ពីរសញ្ញាថ្មី

ម៉ាថាយ 13:42-56 Khmer Christian Bible (KCB)

42. ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​

43. ពេលនោះ​ មនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះ​ត្រចង់​ដូច​ដួង​អាទិត្យ​នៅ​ក្នុង​នគរ​ព្រះវរបិតា​របស់​គេ។​ អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​

44. នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​កប់​ទុក​នៅ​ក្នុង​ស្រែ​ដែល​បុរស​ម្នាក់​បាន​រក​ឃើញ​ ហើយ​កប់​ទុក​វិញ​ រួច​គាត់​បាន​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ដោយ​អំណរ​ ហើយ​ទិញ​យក​ស្រែ​នោះ។​

45. ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ឈ្មួញ​ម្នាក់​កំពុង​ស្វែង​រក​គជ់​ដ៏​ល្អ​ប្រណិត​

46. ហើយ​ពេល​រក​ឃើញ​គជ់​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ ហើយ​ទិញ​យក​គជ់​នោះ។​

47. ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​សំណាញ់​ដែល​បាន​បង់​ទៅ​ក្នុង​បឹង​ ហើយ​ប្រមូល​បាន​ត្រី​គ្រប់​ប្រភេទ​

48. ពេល​សំណាញ់​ពេញ​ គេ​ក៏​ទាញ​ឡើង​លើ​ច្រាំង​ ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ ឯ​ត្រី​អន់ៗ​ គេ​បោះ​ចោល។​

49. នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​នឹង​កើត​មាន​ដូច្នោះ​ដែរ​ ពួក​ទេវតា​នឹង​ចេញ​មក​ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​សុចរិត​

50. រួច​ទេវតា​នឹង​បោះ​មនុស្ស​អាក្រក់​ទាំង​នោះ​ទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​

51. តើ​អ្នក​រាល់គ្នា​យល់​សេចក្ដី​ទាំង​អស់​នេះ​ហើយ​ឬ​នៅ?»​ ពួកគេ​បាន​ទូល​ព្រះអង្គ​ថា៖​ «បាទ​ យល់​ហើយ‍»​

52. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ដូច្នេះ​ គ្រូវិន័យ​គ្រប់​គ្នា​ដែល​ត្រលប់​ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌​ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន‍»‍។​

53. កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច​ទាំង​នេះចប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ។​

54. កាល​យាង​ដល់​ស្រុក​របស់​ព្រះអង្គ ព្រះអង្គ​ក៏​បាន​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ធ្វើ​ឲ្យ​អ្នក​ស្រុក​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​មាន​ប្រាជ្ញា​ និង​ការ​អស្ចារ្យ​បែប​នេះ​មក​ពី​ណា?​

55. តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ?​ តើ​ម្ដាយ​គាត់​មិន​មែន​ឈ្មោះ​ម៉ារា​ ហើយ​ប្អូនៗ​គាត់​ឈ្មោះ​ យ៉ាកុប​ យ៉ូសេ​ ស៊ីម៉ូន​ និង​យូដាស​ទេ​ឬ?​

56. តើ​ប្អូន​ស្រី​របស់​គាត់​មិន​បាន​នៅ​ជាមួយ​យើង​ទាំង​អស់​គ្នា​ទេឬ?​ ដូច្នេះ​ តើ​អ្នក​នេះ​បាន​សេចក្ដី​ទាំង​អស់​នេះ​មក​ពី​ណា?»​

សូមអានជំពូកពេញលេញ ម៉ាថាយ 13