គម្ពីរសញ្ញាថ្មី

ម៉ាថាយ 13:29-40 Khmer Christian Bible (KCB)

29. គាត់​និយាយ​ថា​ កុំ​អី!​ ក្រែង​លោ​ពេល​អ្នក​រាល់គ្នា​ដក​ស្រងែ​ ស្រូវ​ក៏​ដោយ​មក​ជាមួយ​ដែរ។​

30. ចូរ​ទុក​ឲ្យ​វា​ដុះ​ឡើង​ជាមួយ​គ្នា​រហូត​ដល់​ខែ​ចម្រូត​ចុះ​ នៅ​ពេល​ច្រូត​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជា​មុន​ចង​ជា​បាច់​ ដើម្បី​ដុត​ចោល​ ឯ​ស្រូវ​វិញ​ ត្រូវ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ»។​

31. ព្រះអង្គ​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​គ្រាប់​មូតា​ ដែល​មនុស្ស​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​គាត់​

32. គ្រាប់​ពូជ​នោះ​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​ ប៉ុន្ដែ​ពេល​ដុះ​ឡើង​ វា​ធំ​ជាង​រុក្ខជាតិ​ផ្សេងៗ​ ហើយ​វា​ប្រែជា​ដើម​ឈើ​មួយ​ដើម​ ដូច្នេះ​សត្វ​ស្លាប​ហើរ​លើ​អាកាស​មក​អាស្រ័យ​នៅ​តាម​មែក​របស់​វា‍»។​

33. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​មេនំប៉័ង​ ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់​ រហូត​ដល់​មេនំប៉័ង​នោះ​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។​

34. ព្រះយេស៊ូ​មាន​បន្ទូល​ប្រាប់​បណ្ដាជន​ពី​សេចក្ដី​ទាំង​អស់​នេះ​ជា​រឿង​ប្រៀប​ប្រដូច​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​នឹង​បណ្ដាជន​ឡើយ​

35. ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «យើង​នឹង​បើក​មាត់​យើង​និយាយ​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​យើង​នឹង​និយាយ​អំពី​សេចក្ដី​ដែល​បាន​លាក់​កំបាំង​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក‍»។​

36. បន្ទាប់​មក​ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ហើយ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «សូម​បក​ស្រាយ​ប្រាប់​យើង​ខ្ញុំ​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ស្រែ​មាន​ស្រងែ​ផង»។​

37. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ព្រោះ​ពូជ​ល្អ​គឺ​ជា​កូន​មនុស្ស​

38. ឯ​ស្រែ​គឺ​ជា​ពិភព​លោក​ ហើយ​ពូជ​ល្អ​ទាំង​នេះ​ជា​កូន​នៃ​នគរ​ព្រះជាម្ចាស់​ ឯ​ស្រងែ​វិញ​ជា​កូន​នៃ​អារក្ស​សាតាំង‍។​

39. សត្រូវ​ដែល​ព្រោះ​ស្រងែ​គឺ​ជា​អារក្ស​សាតាំង​ ហើយ​ខែ​ចម្រូត​គឺ​ជា​គ្រា​ចុង​ក្រោយ​ ឯ​អ្នក​ច្រូត​គឺ​ជា​ទេវតា។​

40. ដូច្នេះ​ ដែល​គេ​ប្រមូល​ស្រងែ​ដុត​បន្សុស​នឹង​ភ្លើង​យ៉ាង​ណា​ នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​ ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ​

សូមអានជំពូកពេញលេញ ម៉ាថាយ 13