គម្ពីរសញ្ញាថ្មី

ម៉ាថាយ 13:14-30 Khmer Christian Bible (KCB)

14. សេចក្ដី​ដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​មក​ បាន​សម្រេច​តាមរយៈ​ពួកគេ​ហើយ​ គឺ​អ្នក​រាល់គ្នា​ស្ដាប់​ឮ​ ប៉ុន្ដែ​មិន​យល់​ ហើយ​មើល​ឃើញ​ ប៉ុន្ដែ​មិន​ដឹង​សោះ។​

15. ដ្បិត​ចិត្ដ​របស់​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​គេ​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​ពុំ​នោះ​សោត​ គេ​មុខ​ជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​

16. ភ្នែក​របស់​អ្នក​រាល់គ្នា​មាន​ពរ​ណាស់​ ដ្បិត​បាន​មើល​ឃើញ​ ហើយ​ត្រចៀក​ក៏​ដូច្នេះ​ដែរ​ ដ្បិត​បាន​ស្ដាប់​ឮ។​

17. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ ប៉ុន្ដែ​មិន​បាន​ឃើញ​ទេ​ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​រាល់គ្នា​ឮ​ដែរ​ ប៉ុន្ដែ​មិន​បាន​ឮ​ឡើយ។​

18. ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​រឿង​ប្រៀប​ប្រដូច​អំពី​កសិករ​ព្រោះ​គ្រាប់​ពូជ​ចុះ។​

19. អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​អំពី​នគរ​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​យល់​ អារក្ស​ក៏​មក​ឆក់​យក​សេចក្ដី​ដែល​បាន​ព្រោះ​ក្នុង​ចិត្ដ​អ្នក​នោះ​ទៅ​ នេះ​ជា​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ​

20. អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​កន្លែង​មាន​ថ្ម​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ហើយ​ទទួល​យក​ភ្លាម​ទាំង​អំណរ​

21. ប៉ុន្ដែ​គេ​មិន​បាន​ចាក់​ឫស​ទេ​ គឺ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ‍។​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​

22. ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​បន្លា​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ក្នុង​ជីវិត​ និង​ការ​បោក​បញ្ឆោត​នៃ​ទ្រព្យ​សម្បត្ដិ​បាន​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផលផ្លែ​

23. ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ល្អ​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ហើយ​ ក៏​យល់​ អ្នក​នោះ​បង្កើត​ផល​ គឺ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ ខ្លះ​ហុក​សិប​ ខ្លះ​ទៀត​សាម​សិប‍»‍។​

24. ព្រះអង្គ​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ព្រោះ​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​គាត់​

25. ក្រោយមក​ ពេល​មនុស្ស​ដេក​លក់​អស់​ សត្រូវ​គាត់​បាន​មក​ព្រោះ​ស្រងែ​ក្នុង​ចំណោម​ស្រូវ​នោះ​ ហើយ​ក៏​ចេញ​ទៅ​

26. កាល​ស្រូវ​ពន្លក​ ហើយ​ចេញ​ផ្លែ​ នោះ​ស្រងែ​ក៏​លេច​ចេញ​មក​ដែរ​

27. ពួក​បាវបម្រើ​ក៏​ចូល​មក​ប្រាប់​ម្ចាស់​ស្រែ​ថា​ លោកម្ចាស់​ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេ​ឬ?​ ចុះ​ស្រងែ​ទាំង​នេះ​មាន​មក​ពី​ណា?​

28. គាត់​ប្រាប់​គេ​ថា​ មនុស្ស​ដែល​ធ្វើ​ការ​នេះ​ គឺ​ជា​សត្រូវ។​ ពួក​បាវបម្រើ​ក៏​សួរ​គាត់​ទៀត​ថា​ ដូច្នេះ​ តើ​លោក​ចង់​ឲ្យ​យើង​ទៅ​ដក​ស្រងែ​ទាំង​នោះ​ដែរ​ឬ​ទេ?​

29. គាត់​និយាយ​ថា​ កុំ​អី!​ ក្រែង​លោ​ពេល​អ្នក​រាល់គ្នា​ដក​ស្រងែ​ ស្រូវ​ក៏​ដោយ​មក​ជាមួយ​ដែរ។​

30. ចូរ​ទុក​ឲ្យ​វា​ដុះ​ឡើង​ជាមួយ​គ្នា​រហូត​ដល់​ខែ​ចម្រូត​ចុះ​ នៅ​ពេល​ច្រូត​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជា​មុន​ចង​ជា​បាច់​ ដើម្បី​ដុត​ចោល​ ឯ​ស្រូវ​វិញ​ ត្រូវ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 13