32. ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។
33. ដាំដើមឈើល្អ ផ្លែរបស់វាក៏ល្អ ផ្ទុយទៅវិញ ដាំដើមឈើមិនល្អ ផ្លែរបស់វាក៏មិនល្អដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។
34. ឱពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាអាចពោលសេចក្ដីល្អបាន? ដ្បិតមាត់និយាយតាមតែសេចក្ដីហូរហៀរនៃចិត្ដ។
35. មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ល្អក្នុងចិត្ដរបស់ខ្លួន ឯមនុស្សឤក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់អាក្រក់ក្នុងចិត្ដរបស់ខ្លួនដែរ។
36. តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ
37. ព្រោះអ្នករាល់គ្នានឹងបានរាប់ជាសុចរិតដោយសារពាក្យសំដីរបស់ខ្លួន ហើយក៏នឹងត្រូវជាប់ទោសដោយសារពាក្យសំដីរបស់ខ្លួនដែរ»។
38. បន្ទាប់មក ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលថា៖ «លោកគ្រូ យើងចង់ឃើញទីសំគាល់មួយពីលោក»
39. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ជំនាន់មនុស្សដ៏ឤក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស ជាអ្នកនាំព្រះបន្ទូល
40. ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
41. នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឈរឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះពួកគេបានប្រែចិត្ដនៅពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងលោកយ៉ូណាស គឺនៅទីនេះស្រាប់ហើយ។
42. នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូន គឺនៅទីនេះស្រាប់ហើយ។
43. ពេលវិញ្ញាណឤក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន
44. នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ។ ពេលមកដល់ វាក៏ឃើញថានៅទំនេរ ទាំងបោសស្អាត និងមានរបៀបផង
45. នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀត ដែលឤក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងឤក្រក់ជាងមុនទៅទៀត ហើយមនុស្សជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។
46. កាលកំពុងមានបន្ទូលនឹងបណ្ដាជននៅឡើយ នោះម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងព្រះអង្គ។
47. មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនរបស់លោកឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងលោក»
48. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកដែលបានទូលព្រះអង្គនោះថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?»
49. រួចហើយព្រះអង្គក៏មានបន្ទូលទាំងលាតព្រះហស្ដទៅពួកសិស្សរបស់ព្រះអង្គថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ
50. ដ្បិតអ្នកណាដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។