គម្ពីរសញ្ញាថ្មី

ម៉ាថាយ 12:32-47 Khmer Christian Bible (KCB)

32. ហើយ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ អាច​លើកលែងទោស​ឲ្យ​បាន​ ប៉ុន្ដែ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើកលែង​ទោស​ឲ្យ​បាន​ទេ​ ទាំង​នៅ​ជំនាន់​នេះ​ និង​នៅ​ជំនាន់​ដែល​នឹង​មក​ដល់។​

33. ដាំ​ដើម​ឈើ​ល្អ​ ផ្លែ​របស់​វា​ក៏​ល្អ​ ផ្ទុយ​ទៅ​វិញ​ ដាំ​ដើម​ឈើ​មិន​ល្អ​ ផ្លែ​របស់​វា​ក៏​មិន​ល្អ​ដែរ​ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយសារ​ផ្លែ​របស់​វា។​

34. ឱ​ពូជ​ពស់​វែក​អើយ!​ អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​អាច​ពោល​សេចក្ដី​ល្អ​បាន?​ ដ្បិត​មាត់​និយាយ​តាម​តែ​សេចក្ដី​ហូរហៀរ​នៃ​ចិត្ដ។​

35. មនុស្ស​ល្អ​បញ្ចេញ​សេចក្ដី​ល្អ​ពី​កំណប់​ល្អ​ក្នុង​ចិត្ដ​របស់​ខ្លួន​ ‍ឯ​មនុស្ស​ឤក្រក់​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ដ​របស់​ខ្លួន​ដែរ។​

36. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥត​ប្រយោជន៍​ទាំង​អស់​ដែល​គេ​បាន​និយាយ​

37. ព្រោះ​អ្នក​រាល់គ្នា​នឹង​បាន​រាប់​ជា​សុចរិត​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន​ ហើយ​ក៏​នឹង​ត្រូវ​ជាប់​ទោស​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន​ដែរ‍»‍។​

38. បន្ទាប់​មក​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ទូល​ថា៖​ «លោក​គ្រូ​ យើង​ចង់​ឃើញ​ទីសំគាល់​មួយ​ពី​លោក»​

39. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ជំនាន់​មនុស្ស​ដ៏​ឤក្រក់​ និង​ផិតក្បត់​ស្វែង​រក​ទីសំគាល់​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅ​ពី​ទីសំគាល់​លោក​យ៉ូណាស​ ជា​អ្នក​នាំ​ព្រះបន្ទូល​

40. ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ដ៏​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា​ កូន​មនុស្ស​នឹង​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។​

41. នៅ​គ្រា​ជំនុំជម្រះ​ អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឈរ​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ព្រោះ​ពួកគេ​បាន​ប្រែចិត្ដ​នៅ​ពេល​ឮ​សេចក្ដី​ប្រកាស​របស់​លោក​យ៉ូណាស​ ប៉ុន្ដែ​មើល៍​ ម្នាក់​ដែល​វិសេស​ជាង​លោក​យ៉ូណាស​ គឺ​នៅ​ទី​នេះ​ស្រាប់​ហើយ។​

42. នៅ​គ្រា​ជំនុំជម្រះ​ ម្ចាស់​ក្សត្រី​ភាគ​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ដ្បិត​ព្រះ​នាង​បាន​មក​ពី​ចុង​បំផុត​នៃ​ផែនដី​ ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ ប៉ុន្ដែ​មើល៍​ ម្នាក់​ដែល​វិសេស​ជាង​ស្ដេច​សាឡូម៉ូន​ គឺ​នៅ​ទី​នេះ​ស្រាប់​ហើយ។​

43. ពេល​វិញ្ញាណ​ឤក្រក់​ចេញ​ពី​មនុស្ស​ម្នាក់​ វា​ក៏​ទៅ​ស្វែង​រក​កន្លែង​សម្រាក​នៅ​ទី​ហួត​ហែង​ ប៉ុន្ដែ​រក​មិន​បាន​

44. នោះ​វា​និយាយ​ថា​ អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញ​មក​នោះ​វិញ‍។​ ពេល​មក​ដល់​ វា​ក៏​ឃើញ​ថា​នៅ​ទំនេរ​ ទាំង​បោស​ស្អាត​ និង​មាន​របៀប​ផង​

45. នោះ​វា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ ដែល​ឤក្រក់​ជាង​វា​ចូល​ទៅ​នៅ​ទី​នោះ​ ដូច្នេះ​ស្ថាន​ភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​ឤក្រក់​ជាង​មុន​ទៅ​ទៀត​ ហើយ​មនុស្ស​ជំនាន់​ដ៏​ឤក្រក់​នេះ​ក៏​ដូច្នោះ​ដែរ»។​

46. កាល​កំពុង​មាន​បន្ទូល​នឹង​បណ្ដាជន​នៅ​ឡើយ​ នោះ​ម្ដាយ​ និង​បងប្អូន​របស់​ព្រះយេស៊ូ​បាន​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​ព្រះអង្គ។​

47. មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ម្ដាយ​ និង​បងប្អូន​របស់​លោក​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​លោក»​

សូមអានជំពូកពេញលេញ ម៉ាថាយ 12