គម្ពីរសញ្ញាថ្មី

ម៉ាថាយ 12:21-31 Khmer Christian Bible (KCB)

21. ហើយ​គ្រប់​ជន​ជាតិ​នឹង​សង្ឃឹម​លើ​ព្រះនាម​ព្រះអង្គ»។​

22. បន្ទាប់​មក​ គេ​បាន​នាំ​មនុស្ស​ខ្វាក់​ភ្នែក​ ហើយ​គ​ ដោយសារ​តែ​មាន​អារក្ស​ចូល​មក​ឯ​ព្រះអង្គ​ រួច​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា‍។​ ដូច្នេះ​ គាត់​ក៏​និយាយ​រួច​ ហើយ​មើល​ឃើញ​បាន​ផង។​

23. បណ្ដាជន​ទាំង​អស់​បាន​នឹក​អស្ចារ្យ​ ហើយ​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​ពូជពង្ស​ស្ដេច​ដាវីឌ​មែន​ឬ?»​

24. ប៉ុន្ដែ​ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​បាន​ដូច្នេះ​ គឺ​ដោយសារ​បេលសេប៊ូល​ ជា​មេ​អារក្ស​ទេ​តើ»។​

25. ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ដឹង​ពី​គំនិត​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ណា​បែកបាក់​គ្នា​ នោះ​វិនាស​ហើយ​ ហើយ​ក្រុង​ ឬ​គ្រួសារ​ណា​បែកបាក់​គ្នា​ នោះ​មិន​នៅ​ស្ថិតស្ថេរ​ទេ​

26. បើ​អារក្ស​សាតាំង​បណ្ដេញ​អារក្ស​សាតាំង​ នោះ​ពួកវា​បែកបាក់​គ្នា​ហើយ​ តើ​នគរ​របស់​ពួកវា​នៅ​ស្ថិតស្ថេរ​យ៉ាង​ដូច​ម្ដេច​ទៅ?​

27. ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ ពួកគេ​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា។​

28. ប៉ុន្ដែ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ ដោយសារ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នក​រាល់គ្នា​ហើយ។​

29. តើ​អ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ ហើយ​ប្លន់​យក​ទ្រព្យ​របស់​ពី​ផ្ទះ​គាត់​បាន​យ៉ាង​ដូច​ម្ដេច?​ លើកលែង​តែ​ចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​គាត់​បាន។​

30. អ្នក​ដែល​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​ អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​ អ្នក​នោះ​កំចាត់​កំចាយ​ហើយ។​

31. ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ មនុស្ស​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​ចំពោះ​គ្រប់​ទាំង​បាប​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ ប៉ុន្ដែ​ពាក្យ​ប្រមាថ​ដល់​ព្រះវិញ្ញាណ​ នឹង​មិន​បាន​ទទួល​ការ​លើកលែង​ទោស​ទេ​

សូមអានជំពូកពេញលេញ ម៉ាថាយ 12