1. នៅគ្រានោះ ព្រះយេស៊ូបានយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ ពេលនោះ ពួកសិស្សរបស់ព្រះអង្គឃ្លាន ពួកគេក៏ចាប់ផ្ដើមបូតកួរស្រូវមកបរិភោគ។
2. ពេលពួកអ្នកខាងគណៈផារិស៊ីឃើញដូច្នេះ ក៏ទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលវិន័យបានហាមនៅថ្ងៃសប្ប័ទ»
3. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលដែលស្ដេចឃ្លានទេឬ?
4. គឺស្ដេចបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ដែលវិន័យមិនអនុញ្ញាតឲ្យស្ដេច និងគូកនបរិភោគឡើយ លើកលែងតែសង្ឃប៉ុណ្ណោះ។
5. តើអ្នករាល់គ្នាមិនបានអានគម្ពីរវិន័យទេឬ? គឺនៅថ្ងៃសប្ប័ទ សង្ឃក្នុងព្រះវិហារដែលបំពានវិន័យថ្ងៃសប្ប័ទ គ្មានទោសទេ
6. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ម្នាក់ដែលវិសេសជាងព្រះវិហារ គឺនៅទីនេះស្រាប់ហើយ។
7. ប៉ុន្ដែបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសអ្នកគ្មានទោសទេ
8. ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
9. ព្រះអង្គក៏យាងចេញពីទីនោះ ហើយចូលទៅក្នុងសាលាប្រជុំរបស់ពួកគេ។
10. ពេលនោះ មានបុរសម្នាក់ស្វិតដៃម្ខាងនៅទីនោះ ហើយគេបានទូលសួរព្រះអង្គថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សនៅថ្ងៃសប្ប័ទដែរឬទេ?» គេសួរបែបនេះ គឺដើម្បីឲ្យគេអាចចោទប្រកាន់ព្រះអង្គបាន។
11. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយក្បាល ហើយចៀមនោះធ្លាក់ក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនស្រង់វាចេញពីរណ្ដៅនោះទេឬ?