គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:21-28 Khmer Christian Bible (KCB)

21. «វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែចិត្ដ​តាំង​ពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន‍។​

22. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ មុខ​ជា​ងាយ​ទ្រាំ​ជាង​អ្នក​រាល់គ្នា​

23. ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​ផ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាន​នរក​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​ កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ​ ក្រុង​នោះ​នឹង​គង់វង្ស​រហូត​ដល់​ថ្ងៃ​នេះ​ជា​មិន​ខាន​

24. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ ក្រុង​សូដុម​ងាយ​ទ្រាំ​ជាង​អ្នក​ផង‍»‍។​

25. បន្ទាប់​ពី​មាន​បន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ឱ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​បើក​សំដែង​ដល់​ទារក​វិញ​

26. មែន​ហើយ​ ព្រះវរបិតា​អើយ‍!​ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ការ​បែប​នេះ​ណាស់។​

27. ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​

28. អស់​អ្នក​ដែល​នឿយ​ព្រួយ​ ហើយ​ផ្ទុក​ធ្ងន់​អើយ‍!​ ចូរ​មក​ឯ​ខ្ញុំ​ចុះ​ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​សម្រាក​

សូមអានជំពូកពេញលេញ ម៉ាថាយ 11