14. ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺលោកហើយ ជាលោកអេលីយ៉ាដែលត្រូវមក។
15. អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
16. តើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាក្មេងៗដែលអង្គុយនៅផ្សារ ស្រែកទៅក្មេងឯទៀត
17. ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ
18. ដ្បិតលោកយ៉ូហានបានមកទាំងមិនបរិភោគមិនផឹក ប៉ុន្ដែគេនិយាយថា លោកមានអារក្សចូល
19. ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
20. បន្ទាប់មក ព្រះអង្គក៏ចាប់ផ្ដើមបន្ទោសដល់ក្រុងនានា ដែលព្រះអង្គបានសំដែងការអស្ចារ្យជាច្រើន ដោយព្រោះពួកគេមិនបានប្រែចិត្ត។
21. «វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន។
22. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា
23. ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន
24. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមងាយទ្រាំជាងអ្នកផង»។
25. បន្ទាប់ពីមានបន្ទូលឆ្លើយនៅពេលនោះហើយ ព្រះយេស៊ូមានបន្ទូលថា៖ «ឱព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីមនុស្សមានប្រាជ្ញា និងមនុស្សឈ្លាសវៃ ប៉ុន្ដែបើកសំដែងដល់ទារកវិញ
26. មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យនឹងការបែបនេះណាស់។
27. ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យបើកសំដែងឲ្យស្គាល់តែប៉ុណ្ណោះ។
28. អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាសម្រាក
29. ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង