គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:14-24 Khmer Christian Bible (KCB)

14. ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដីនេះ​ គឺ​លោក​ហើយ​ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក។​

15. អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​

16. តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី?​ មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ ស្រែក​ទៅ​ក្មេង​ឯ​ទៀត​

17. ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួក​ឯង​ ប៉ុន្ដែ​ពួក​ឯង​មិន​រាំ​ ហើយ​យើង​ស្មូត្រ​ ប៉ុន្ដែ​ពួក​ឯង​មិន​ទួញ​សោក​សោះ​

18. ដ្បិត​លោក​យ៉ូហាន​បាន​មក​ទាំង​មិន​បរិភោគ​មិន​ផឹក​ ប៉ុន្ដែ​គេ​និយាយ​ថា​ លោក​មាន​អារក្ស​ចូល​

19. ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ ប៉ុន្ដែ​គេ​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ដ​របស់​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប។​ ប៉ុន្ដែ​គេ​ដឹង​ថា​ប្រាជ្ញា​ត្រឹម​ត្រូវ​ គឺ​ដោយសារ​ផលផ្លែ​របស់​វា»។​

20. បន្ទាប់​មក​ ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បន្ទោស​ដល់​ក្រុង​នានា​ ដែល​ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ​ជា​ច្រើន​ ដោយ​ព្រោះ​ពួកគេ​មិន​បាន​ប្រែចិត្ត។​

21. «វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែចិត្ដ​តាំង​ពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន‍។​

22. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ មុខ​ជា​ងាយ​ទ្រាំ​ជាង​អ្នក​រាល់គ្នា​

23. ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​ផ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាន​នរក​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​ កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ​ ក្រុង​នោះ​នឹង​គង់វង្ស​រហូត​ដល់​ថ្ងៃ​នេះ​ជា​មិន​ខាន​

24. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ ក្រុង​សូដុម​ងាយ​ទ្រាំ​ជាង​អ្នក​ផង‍»‍។​

សូមអានជំពូកពេញលេញ ម៉ាថាយ 11