11. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរស្ថានសួគ៌វិសេសជាងគាត់ទៅទៀត។
12. ប៉ុន្ដែចាប់តាំងពីគ្រាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកមកទល់ពេលនេះ មានគេខំប្រឹងចាប់យកនគរស្ថានសួគ៌ ហើយអ្នកខំប្រឹងខ្នះខ្នែង ចាប់យកនគរនោះបាន
13. ដ្បិតអ្នកនាំព្រះបន្ទូល និងគម្ពីរវិន័យទាំងអស់បានថ្លែងទុកអំពីការនេះ រហូតដល់ជំនាន់លោកយ៉ូហាន
14. ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺលោកហើយ ជាលោកអេលីយ៉ាដែលត្រូវមក។
15. អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
16. តើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាក្មេងៗដែលអង្គុយនៅផ្សារ ស្រែកទៅក្មេងឯទៀត
17. ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ
18. ដ្បិតលោកយ៉ូហានបានមកទាំងមិនបរិភោគមិនផឹក ប៉ុន្ដែគេនិយាយថា លោកមានអារក្សចូល
19. ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
20. បន្ទាប់មក ព្រះអង្គក៏ចាប់ផ្ដើមបន្ទោសដល់ក្រុងនានា ដែលព្រះអង្គបានសំដែងការអស្ចារ្យជាច្រើន ដោយព្រោះពួកគេមិនបានប្រែចិត្ត។
21. «វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន។
22. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា
23. ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន
24. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមងាយទ្រាំជាងអ្នកផង»។