1. កាលព្រះយេស៊ូបង្គាប់សិស្សទាំងដប់ពីរចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅបង្រៀន និងប្រកាសនៅក្នុងក្រុងនានារបស់ពួកគេ។
2. ឯលោកយ៉ូហានដែលនៅក្នុងគុក កាលបានឮពីកិច្ចការទាំងឡាយដែលព្រះគ្រិស្ដបានធ្វើ ក៏ចាត់សិស្សរបស់គាត់ឲ្យមកទូលសួរព្រះអង្គថា៖
3. «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?»
4. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្ដាប់ឮ និងមើលឃើញចុះ
5. គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ ឯមនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ។
6. អ្នកដែលមិនរវាតចិត្តពីខ្ញុំមានពរហើយ»។
7. ពេលអ្នកទាំងនេះចាកចេញ ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ?
8. តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មើលបុរសម្នាក់ ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់ស្អាតប្រណិត គឺនៅក្នុងដំណាក់ស្ដេចឯណោះ។
9. ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត
10. ដ្បិតអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកអំពីគាត់ថា មើល៍! យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន
11. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរស្ថានសួគ៌វិសេសជាងគាត់ទៅទៀត។
12. ប៉ុន្ដែចាប់តាំងពីគ្រាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកមកទល់ពេលនេះ មានគេខំប្រឹងចាប់យកនគរស្ថានសួគ៌ ហើយអ្នកខំប្រឹងខ្នះខ្នែង ចាប់យកនគរនោះបាន
13. ដ្បិតអ្នកនាំព្រះបន្ទូល និងគម្ពីរវិន័យទាំងអស់បានថ្លែងទុកអំពីការនេះ រហូតដល់ជំនាន់លោកយ៉ូហាន
14. ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺលោកហើយ ជាលោកអេលីយ៉ាដែលត្រូវមក។
15. អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។