គម្ពីរសញ្ញាថ្មី

ម៉ាថាយ 10:34-42 Khmer Christian Bible (KCB)

34. ចូរ​កុំ​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​ក្ដី​សុខសាន្ដ​មក​ផែនដី​ឡើយ​ ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដី​សុខសាន្ដ​ទេ​ គឺ​នាំ​ដាវ​វិញ​

35. ព្រោះ​ខ្ញុំ​មក​បំបែក​កូន​ប្រុស​ពី​ឪពុក​ កូន​ស្រី​ពីម្ដាយ​ ហើយ​កូន​ប្រសា​ស្រី​ពី​ម្ដាយ​ក្មេក​

36. ឯ​សត្រូវ​របស់​អ្នក​នោះ​ គឺ​ជា​សមាជិក​គ្រួសារ​របស់​អ្នក​នោះ​ឯង។​

37. អស់​អ្នក​ដែល​ស្រឡាញ់​ឪពុក​ ឬ​ម្ដាយ​លើស​ខ្ញុំ​ នោះ​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ទេ​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​ ឬ​កូន​ស្រី​លើស​ខ្ញុំ​ នោះ​ក៏​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ដែរ។​

38. អស់​អ្នក​ដែល​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ នោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ‍។​

39. អស់​អ្នក​ដែល​រក​ជីវិត​នឹង​បាត់​ជីវិត​ តែ​អស់​អ្នក​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ នោះ​នឹង​បាន​ជីវិត​វិញ។​

40. អ្នកណា​ទទួល​អ្នក​រាល់គ្នា​ នោះ​ក៏​ទទួល​ខ្ញុំ​ដែរ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ​ នោះ​ក៏​ទទួល​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ដែរ។​

41. អ្នកណា​ដែល​ទទួល​អ្នក​នាំ​ព្រះបន្ទូល​ដោយ​ឈ្មោះ​អ្នក​នាំ​ព្រះបន្ទូល​ នឹង​ទទួល​បាន​រង្វាន់​របស់​អ្នក​នាំ​ព្រះបន្ទូល។​ អ្នកណា​ដែល​ទទួល​មនុស្ស​សុចរិត​ដោយ​ឈ្មោះ​មនុស្ស​សុចរិត​ នឹង​ទទួល​បាន​រង្វាន់​របស់​មនុស្ស​សុចរិត។​

42. អ្នកណា​ឲ្យ​ទឹក​ត្រជាក់​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំង​នេះ​ផឹក​ ដោយ​នូវ​ឈ្មោះ​ជា​សិស្ស​របស់​ខ្ញុំ​ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់គេ​ឡើយ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 10