គម្ពីរសញ្ញាថ្មី

ម៉ាថាយ 10:25-34 Khmer Christian Bible (KCB)

25. ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ​ ហើយ​បាវបម្រើ​បាន​ដូច​ជា​ចៅហ្វាយ​ នោះ​ល្មម​ហើយ។​ ប្រសិន​បើ​គេ​ហៅ​មេ​គ្រួសារ​ថា​ អារក្ស​បេលសេប៊ូល​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​សមាជិក​គ្រួសារ​វិញ​ គេ​ហៅ​លើស​នោះ​អម្បាល​មាន​ទៅ​ទៀត។​

26. ដូច្នេះ​កុំ​ខ្លាច​ពួកគេ​អី​ ព្រោះ​គ្មាន​ការ​លាក់​កំបាំង​ណា​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ដែរ។​

27. អ្វីៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​នៅ​ទី​ងងឹត​ ចូរ​អ្នក​រាល់គ្នា​និយាយ​នៅ​ទី​ភ្លឺ​ ហើយ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ឮ​នឹង​ត្រចៀក​ ចូរ​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ។​

28. ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​តែ​រូប​កាយ​ ប៉ុន្ដែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​ឲ្យ​សោះ​ ផ្ទុយ​ទៅ​វិញ​ ចូរ​កោត​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូប​កាយ​ ទាំង​ព្រលឹង​នៅ​ក្នុង​ស្ថាន​នរក។​

29. តើ​ចាប​ពីរ​មិន​មែន​ថ្លៃ​មួយ​សេន​ទេ​ឬ​ ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី​ដោយ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​មិន​ដឹង​នោះ​ឡើយ​

30. ហើយ​សូម្បី​តែ​សក់​ក្បាល​អ្នក​រាល់គ្នា​ ក៏​ព្រះអង្គ​ដឹង​ចំនួន​ទាំង​អស់​ដែរ​

31. ដូច្នេះ​ កុំ​ខ្លាច​អី​ ដ្បិត​អ្នក​រាល់គ្នា​មាន​តម្លៃ​លើស​សត្វ​ចាប​ទៅ​ទៀត។​

32. អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​

33. អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​បដិសេធ​អ្នកនោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​

34. ចូរ​កុំ​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​ក្ដី​សុខសាន្ដ​មក​ផែនដី​ឡើយ​ ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដី​សុខសាន្ដ​ទេ​ គឺ​នាំ​ដាវ​វិញ​

សូមអានជំពូកពេញលេញ ម៉ាថាយ 10