22. មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុតនឹងបានទទួលសេចក្ដីសង្គ្រោះ
23. ពេលគេបៀតបៀនអ្នករាល់គ្នានៅក្នុងក្រុងមួយ ចូរគេចទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់កូនមនុស្សមកវិញ អ្នករាល់គ្នាដើរមិនអស់ក្រុងទាំងឡាយក្នុងស្រុកអ៊ីស្រាអែលផង។
24. សិស្សមិនដែលលើគ្រូទេ ហើយបាវបម្រើក៏មិនដែលលើចៅហ្វាយដែរ
25. ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
26. ដូច្នេះកុំខ្លាចពួកគេអី ព្រោះគ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយគ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។
27. អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។
28. ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះ ផ្ទុយទៅវិញ ចូរកោតខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយ ទាំងព្រលឹងនៅក្នុងស្ថាននរក។
29. តើចាបពីរមិនមែនថ្លៃមួយសេនទេឬ ប៉ុន្ដែគ្មានចាបណាមួយធ្លាក់ដល់ដីដោយព្រះវរបិតារបស់អ្នករាល់គ្នាមិនដឹងនោះឡើយ
30. ហើយសូម្បីតែសក់ក្បាលអ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ
31. ដូច្នេះ កុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសសត្វចាបទៅទៀត។
32. អស់អ្នកដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងទទួលស្គាល់អ្នកនោះនៅមុខព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញដែរ។
33. អ្នកណាដែលបដិសេធខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងបដិសេធអ្នកនោះនៅមុខព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញដែរ។
34. ចូរកុំគិតថា ខ្ញុំមកដើម្បីនាំយកក្ដីសុខសាន្ដមកផែនដីឡើយ ខ្ញុំមិនបានមកដើម្បីនាំក្ដីសុខសាន្ដទេ គឺនាំដាវវិញ
35. ព្រោះខ្ញុំមកបំបែកកូនប្រុសពីឪពុក កូនស្រីពីម្ដាយ ហើយកូនប្រសាស្រីពីម្ដាយក្មេក
36. ឯសត្រូវរបស់អ្នកនោះ គឺជាសមាជិកគ្រួសាររបស់អ្នកនោះឯង។
37. អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
38. អស់អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ នោះមិនស័ក្ដិសមនឹងខ្ញុំទេ។
39. អស់អ្នកដែលរកជីវិតនឹងបាត់ជីវិត តែអស់អ្នកដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។
40. អ្នកណាទទួលអ្នករាល់គ្នា នោះក៏ទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ នោះក៏ទទួលព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកដែរ។
41. អ្នកណាដែលទទួលអ្នកនាំព្រះបន្ទូលដោយឈ្មោះអ្នកនាំព្រះបន្ទូល នឹងទទួលបានរង្វាន់របស់អ្នកនាំព្រះបន្ទូល។ អ្នកណាដែលទទួលមនុស្សសុចរិតដោយឈ្មោះមនុស្សសុចរិត នឹងទទួលបានរង្វាន់របស់មនុស្សសុចរិត។