17. ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
18. ហើយដោយព្រោះខ្ញុំ គេនឹងប្រគល់អ្នករាល់គ្នាទៅចំពោះមុខពួកអជ្ញាធរ និងស្ដេច ដើម្បីធ្វើបន្ទាល់ដល់ពួកគេ និងដល់សាសន៍ដទៃ។
19. ប៉ុន្ដែពេលគេប្រគល់អ្នករាល់គ្នាទៅ ចូរកុំព្រួយបារម្ភថាត្រូវនិយាយអ្វី ឬនិយាយបែបណាឲ្យសោះ ព្រោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នានូវអ្វី ដែលអ្នករាល់គ្នាត្រូវនិយាយនៅវេលានោះ
20. ដ្បិតមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណព្រះវរបិតារបស់អ្នករាល់គ្នាមានបន្ទូលនៅក្នុងអ្នករាល់គ្នាវិញ។
21. បងប្អូននឹងប្រគល់បងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងប្រគល់កូនទៅឲ្យគេសម្លាប់ ហើយកូននឹងបះបោរទាស់នឹងឪពុកម្ដាយ ព្រមទាំងប្រគល់ឲ្យគេសម្លាប់។
22. មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុតនឹងបានទទួលសេចក្ដីសង្គ្រោះ
23. ពេលគេបៀតបៀនអ្នករាល់គ្នានៅក្នុងក្រុងមួយ ចូរគេចទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់កូនមនុស្សមកវិញ អ្នករាល់គ្នាដើរមិនអស់ក្រុងទាំងឡាយក្នុងស្រុកអ៊ីស្រាអែលផង។
24. សិស្សមិនដែលលើគ្រូទេ ហើយបាវបម្រើក៏មិនដែលលើចៅហ្វាយដែរ
25. ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
26. ដូច្នេះកុំខ្លាចពួកគេអី ព្រោះគ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយគ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។
27. អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។
28. ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះ ផ្ទុយទៅវិញ ចូរកោតខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយ ទាំងព្រលឹងនៅក្នុងស្ថាននរក។
29. តើចាបពីរមិនមែនថ្លៃមួយសេនទេឬ ប៉ុន្ដែគ្មានចាបណាមួយធ្លាក់ដល់ដីដោយព្រះវរបិតារបស់អ្នករាល់គ្នាមិនដឹងនោះឡើយ
30. ហើយសូម្បីតែសក់ក្បាលអ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ