គម្ពីរសញ្ញាថ្មី

ម៉ាថាយ 10:11-21 Khmer Christian Bible (KCB)

11. ពេល​អ្នក​រាល់គ្នា​ចូល​ទៅ​ក្នុង​ក្រុង​ណា​ ឬ​ភូមិ​ណា​ក៏​ដោយ​ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ក្នុង​ក្រុង​ ឬ​ភូមិ​នោះ​ ចូរ​នៅ​ទី​នោះ​រហូត​ដល់​ពេល​អ្នក​រាល់គ្នា​ចាក​ចេញ​

12. ហើយ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ​ផង‍។​

13. បើ​ផ្ទះ​នោះ​ស័ក្តិសម​មែន​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​អ្នក​រាល់គ្នា​មាន​ដល់​ផ្ទះ​នោះ​ចុះ​ តែ​បើ​ផ្ទះ​នោះ​មិន​ស័ក្តិសម​ទេ​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​មាន​ដល់​អ្នក​រាល់គ្នា​វិញ។​

14. បើ​គ្មាន​អ្នកណា​ទទួល​ ឬ​ស្ដាប់​ពាក្យ​អ្នក​រាល់គ្នា​ទេ​ ពេល​ចេញ​ពី​ផ្ទះ​ ឬ​ក្រុង​នោះ​ ចូរ​រលាស់​ធូលីដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​

15. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត។​

16. ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ ដូច​ជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​

17. ប៉ុន្ដែ​ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស​ ដ្បិត​គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​វាយ​អ្នក​រាល់គ្នា​នឹង​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​

18. ហើយ​ដោយ​ព្រោះ​ខ្ញុំ​ គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ចំពោះ​មុខ​ពួក​អជ្ញាធរ​ និង​ស្ដេច​ ដើម្បី​ធ្វើ​បន្ទាល់​ដល់​ពួកគេ​ និង​ដល់​សាសន៍​ដទៃ‍។​

19. ប៉ុន្ដែ​ពេល​គេ​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​និយាយ​អ្វី​ ឬ​និយាយ​បែប​ណា​ឲ្យ​សោះ​ ព្រោះ​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​នូវ​អ្វី​ ដែល​អ្នក​រាល់គ្នា​ត្រូវ​និយាយ​នៅ​វេលា​នោះ​

20. ដ្បិត​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះវិញ្ញាណ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​មាន​បន្ទូល​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។​

21. បងប្អូន​នឹង​ប្រគល់​បងប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ ហើយ​កូន​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ ព្រមទាំង​ប្រគល់​ឲ្យ​គេ​សម្លាប់។​

សូមអានជំពូកពេញលេញ ម៉ាថាយ 10