1. កាលព្រះអង្គហៅសិស្សទាំងដប់ពីរមកហើយ ព្រះអង្គក៏ប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ ដើម្បីបណ្ដេញពួកវា និងប្រោសជំងឺរោគាគ្រប់យ៉ាងឲ្យបានជា។
2. សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ ទីមួយលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេជាប្អូនរបស់គាត់ រួចមានកូនរបស់លោកសេបេដេ គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់
3. ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
4. លោកស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។
5. ព្រះយេស៊ូបានចាត់សាវកទាំងដប់ពីរនេះឲ្យចេញទៅដោយបង្គាប់ថា៖ «ចូរកុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលក្នុងក្រុងពួកសាម៉ារី
6. ផ្ទុយទៅវិញ ចូរទៅរករាស្ដ្រអ៊ីស្រាអែលដែលជាចៀមវង្វេងរបស់ព្រះជាម្ចាស់
7. ហើយពេលទៅ ត្រូវប្រកាសថា នគរស្ថានសួគ៌នៅជិតបង្កើយ
8. ចូរប្រោសអ្នកឈឺឲ្យបានជា មនុស្សឃ្លង់ឲ្យជាស្អាត មនុស្សស្លាប់ឲ្យរស់វិញ និងត្រូវបណ្ដេញអារក្សផង។ អ្នករាល់គ្នាបានទទួលដោយឥតគិតថ្លៃ ក៏ត្រូវឲ្យដោយឥតគិតថ្លៃដែរ។
9. កុំយកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងខ្សែក្រវាត់អ្នករាល់គ្នា
10. ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
11. ពេលអ្នករាល់គ្នាចូលទៅក្នុងក្រុងណា ឬភូមិណាក៏ដោយ ចូរសួររកអ្នកដែលស័ក្តិសមនៅក្នុងក្រុង ឬភូមិនោះ ចូរនៅទីនោះរហូតដល់ពេលអ្នករាល់គ្នាចាកចេញ
12. ហើយពេលចូលទៅក្នុងផ្ទះ ចូរជម្រាបសួរអ្នកផ្ទះនោះផង។
13. បើផ្ទះនោះស័ក្តិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមានដល់ផ្ទះនោះចុះ តែបើផ្ទះនោះមិនស័ក្តិសមទេ ចូរឲ្យសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នាវិញ។
14. បើគ្មានអ្នកណាទទួល ឬស្ដាប់ពាក្យអ្នករាល់គ្នាទេ ពេលចេញពីផ្ទះ ឬក្រុងនោះ ចូររលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាចុះ
15. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ាងាយទ្រាំជាងក្រុងនោះទៅទៀត។
16. ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប