គម្ពីរសញ្ញាថ្មី

ម៉ាថាយ 10:1-11 Khmer Christian Bible (KCB)

1. កាល​ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់​ពីរ​មក​ហើយ​ ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់​ ដើម្បី​បណ្ដេញ​ពួកវា​ និង​ប្រោស​ជំងឺ​រោគា​គ្រប់​យ៉ាង​ឲ្យ​បាន​ជា។​

2. សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ​ ទី​មួយ​លោក​ស៊ីម៉ូន​ ហៅ​ពេត្រុស​ និង​លោក​អនទ្រេ​ជា​ប្អូន​របស់​គាត់​ រួច​មាន​កូន​របស់​លោក​សេបេដេ​ គឺ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់​

3. ហើយ​មាន​លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ថូម៉ាស​ លោក​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធដារ​ លោក​យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ថាដេ​

4. លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិនិយម​ និង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​

5. ព្រះ​យេស៊ូ​បាន​ចាត់​សាវក​ទាំង​ដប់​ពីរ​នេះ​ឲ្យ​ចេញ​ទៅ​ដោយ​បង្គាប់​ថា៖​ «ចូរ​កុំ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ​ ហើយ​កុំ​ចូល​ក្នុង​ក្រុង​ពួក​សាម៉ារី​

6. ផ្ទុយ​ទៅ​វិញ​ ចូរ​ទៅ​រក​រាស្ដ្រ​អ៊ីស្រាអែល​ដែល​ជា​ចៀម​វង្វេង​របស់​ព្រះជាម្ចាស់​

7. ហើយ​ពេល​ទៅ​ ត្រូវ​ប្រកាស​ថា​ នគរ​ស្ថានសួគ៌​នៅ​ជិត​បង្កើយ​

8. ចូរ​ប្រោស​អ្នក​ឈឺ​ឲ្យ​បាន​ជា​ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត​ មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​ត្រូវ​បណ្ដេញ​អារក្ស​ផង។​ អ្នក​រាល់គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ​ ក៏​ត្រូវ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។​

9. កុំ​យក​មាស​ប្រាក់​ ឬ​លុយ​កាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​អ្នក​រាល់គ្នា​

10. ហើយ​កុំ​យក​ថង់​យាម​ អាវ​ពីរ​បន្លាស់​ ស្បែក​ជើង​ ឬ​ឈើ​ច្រត់​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​ធ្វើ​ការ​ស័ក្ដិសម​នឹង​ទទួល​បាន​ជំនួយ។​

11. ពេល​អ្នក​រាល់គ្នា​ចូល​ទៅ​ក្នុង​ក្រុង​ណា​ ឬ​ភូមិ​ណា​ក៏​ដោយ​ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ក្នុង​ក្រុង​ ឬ​ភូមិ​នោះ​ ចូរ​នៅ​ទី​នោះ​រហូត​ដល់​ពេល​អ្នក​រាល់គ្នា​ចាក​ចេញ​

សូមអានជំពូកពេញលេញ ម៉ាថាយ 10