គម្ពីរសញ្ញាថ្មី

ម៉ាកុស 9:30-42 Khmer Christian Bible (KCB)

30. ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ ប៉ុន្ដែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ទេ​

31. ដ្បិត​ព្រះអង្គ​បាន​បង្រៀន​សិស្ស​ព្រះអង្គ​ ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «កូន​មនុស្ស​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក​ លុះ​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»​

32. ប៉ុន្ដែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ហើយ​ក៏​មិន​ហ៊ាន​សួរ​ព្រះអង្គ​ដែរ។​

33. ពួកគេ​ក៏​មក​ដល់​ក្រុង​កាពើណិម​ ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ព្រះអង្គ​បាន​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​នៅ​តាម​ផ្លូវ​អំពី​អ្វី?»​

34. ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ព្រោះ​ពួកគេ​សួរ​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​ផ្លូវ​ ថា​តើ​អ្នកណា​ធំ​ជាង​គេ​

35. ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​ហៅ​សាវក​ទាំង​ដប់​ពីរ​មក​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ អ្នក​នោះ​ត្រូវ​ជា​អ្នក​នៅ​ចុង​ក្រោយ​គេ​បង្អស់​ ហើយ​ជា​អ្នក​បម្រើ​គេ​គ្រប់​គ្នា»​

36. ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​ពួកគេ​ រួច​លើក​ព​ក្មេង​នោះ​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​

37. «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​ នោះ​មិន​មែន​ទទួលតែ​ខ្ញុំ​ទេ​ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

38. លោក​យ៉ូហាន​ទូល​ឆ្លើយ​ទៅ​ព្រះ​អង្គ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​មក​តាម​យើង»​

39. តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ក្នុង​នាម​ខ្ញុំ​ ហើយ​និយាយ​អាក្រក់​ពីខ្ញុំ​ភ្លាមៗ​បាន​ឡើយ​

40. ដ្បិត​អ្នក​ណា​មិន​ប្រឆាំង​យើង​ អ្នក​នោះ​នៅ​ខាង​យើង​ហើយ​

41. បើ​អ្នក​ណា​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នក​ផឹក​ក្នុង​នាម​ខ្ញុំ​ និង​ព្រោះ​តែ​អ្នក​ជា​របស់​ព្រះគ្រិស្ដ​ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​ឡើយ​

42. ប៉ុន្ដែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​ នោះ​ប្រសើរ​ជាង​

សូមអានជំពូកពេញលេញ ម៉ាកុស 9