គម្ពីរសញ្ញាថ្មី

ម៉ាកុស 9:20-34 Khmer Christian Bible (KCB)

20. គេ​ក៏​នាំ​ក្មេង​មក​ឯ​ព្រះអង្គ​ ហើយ​ពេល​វិញ្ញាណ​នោះ​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ដួល​ននៀល​លើ​ដី​ និង​បែក​ពពុះ​មាត់​ផង​

21. ព្រះអង្គ​សួរ​ទៅ​ឪពុក​ក្មេង​នោះ​ថា៖​ «តើ​ការ​នេះ​បាន​កើត​ឡើង​ចំពោះ​ក្មេង​នេះ​តាំង​ពី​ពេល​ណា​មក?»​ គាត់​ទូល​ថា៖​ «តាំង​ពី​តូច​មក​ម៉្លេះ​

22. វិញ្ញាណ​នោះ​តែង​តែ​ធ្វើ​ឲ្យកូន​ខ្ញុំ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​វា​ តែ​បើ​លោក​អាច​ជួយ​បាន​ សូម​អាណិត​មេត្ដា​ជួយ​យើង​ផង»​

23. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ប្រសិន​បើ​អាច​ឬ?​ គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច​សម្រាប់​អ្នក​ជឿ»​

24. ភ្លាម​នោះ​ ឪពុក​ក្មេង​បាន​និយាយ​ទាំង​ទ្រហោ​យំ​ថា៖​ «ខ្ញុំ​ជឿ​ហើយ​ សូម​ជួយ​ភាព​គ្មាន​ជំនឿ​របស់​ខ្ញុំ​ផង»​

25. ដោយ​ឃើញ​បណ្ដាជន​កំពុង​តែ​រត់​មក​ជួប​ជុំ​គ្នា​ ព្រះយេស៊ូ​មាន​បន្ទូល​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖​ «វិញ្ញាណ​ថ្លង់​គ​ យើង​បង្គាប់​ឯង​ ចេញ​ពី​ក្មេង​នេះ​ទៅ​ ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»​

26. វា​ក៏​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ទៅ​ ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​បាន​ជា​មនុស្ស​ជា​ច្រើន​និយាយ​ថា​ ក្មេង​នោះ​ស្លាប់​ហើយ​

27. តែ​ព្រះយេស៊ូ​បាន​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឈរ​ឡើង​ ហើយ​វា​ក៏​ឈរ​ឡើង។​

28. ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​ពួក​សិស្ស​ព្រះអង្គ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​ «ហេតុ​អ្វី​ពួក​យើង​មិន​អាច​បណ្ដេញ​វិញ្ញាណ​នោះ​ឲ្យ​ចេញ​បាន?»​

29. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្មាន​អ្វី​អាច​បណ្ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន​ទេ​ លើក​លែង​តែ​តាម​រយៈ​ការ​អធិស្ឋាន»។​

30. ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ ប៉ុន្ដែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ទេ​

31. ដ្បិត​ព្រះអង្គ​បាន​បង្រៀន​សិស្ស​ព្រះអង្គ​ ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «កូន​មនុស្ស​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក​ លុះ​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»​

32. ប៉ុន្ដែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ហើយ​ក៏​មិន​ហ៊ាន​សួរ​ព្រះអង្គ​ដែរ។​

33. ពួកគេ​ក៏​មក​ដល់​ក្រុង​កាពើណិម​ ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ព្រះអង្គ​បាន​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​នៅ​តាម​ផ្លូវ​អំពី​អ្វី?»​

34. ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ព្រោះ​ពួកគេ​សួរ​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​ផ្លូវ​ ថា​តើ​អ្នកណា​ធំ​ជាង​គេ​

សូមអានជំពូកពេញលេញ ម៉ាកុស 9