គម្ពីរសញ្ញាថ្មី

ម៉ាកុស 9:12-32 Khmer Christian Bible (KCB)

12. ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «លោក​អេលីយ៉ា​មក​មុន​មែន​ ដើម្បី​ស្ដារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ​ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​សេចក្ដី​ចែង​ទុក​អំពី​កូន​មនុស្ស​ថា​ លោក​ត្រូវ​តែ​រង​ទុក្ខ​លំបាក​ជា​ច្រើន​ និង​ត្រូវ​គេ​ជំទាស់​ផង​

13. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​រួច​ហើយ​ តែ​ពួកគេ​បាន​ប្រព្រឹត្ដ​ចំពោះ​គាត់​តាម​អំពើ​ចិត្ដ​ ដូច​ដែល​មាន​ចែង​ទុក​អំពី​គាត់​ស្រាប់»។​

14. ពេល​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​ក៏​ឃើញ​មនុស្ស​កុះករ​ និង​ពួក​គ្រូ​វិន័យ​ព័ទ្ធ​ជុំ​វិញ​ពួក​សិស្ស​ កំពុង​សួរ​ដេញ​ដោល​ពួកគេ​

15. ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ទាំង​រត់​ទៅ​ទទួល​ព្រះអង្គ​

16. ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​ដេញ​ដោល​គ្នា​អំពី​អ្វី?»​

17. នោះ​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​បាន​ឆ្លើយ​នឹង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​ ព្រោះ​វា​មាន​វិញ្ញាណ​គ​ចូល​

18. ហើយ​នៅ​ពេល​ណា​វា​ចូល​កូន​ខ្ញុំ​ម្ដងៗ​ វា​ផ្ដួល​កូនខ្ញុំ​ចុះ​ ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​ សង្កៀត​ធ្មេញ​ និង​រឹង​ខ្លួន​ក្រញង់​ ឯ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បាន​»

19. ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ឱ​ តំណ​មនុស្ស​គ្មាន​ជំនឿ​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ!»​

20. គេ​ក៏​នាំ​ក្មេង​មក​ឯ​ព្រះអង្គ​ ហើយ​ពេល​វិញ្ញាណ​នោះ​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ដួល​ននៀល​លើ​ដី​ និង​បែក​ពពុះ​មាត់​ផង​

21. ព្រះអង្គ​សួរ​ទៅ​ឪពុក​ក្មេង​នោះ​ថា៖​ «តើ​ការ​នេះ​បាន​កើត​ឡើង​ចំពោះ​ក្មេង​នេះ​តាំង​ពី​ពេល​ណា​មក?»​ គាត់​ទូល​ថា៖​ «តាំង​ពី​តូច​មក​ម៉្លេះ​

22. វិញ្ញាណ​នោះ​តែង​តែ​ធ្វើ​ឲ្យកូន​ខ្ញុំ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​វា​ តែ​បើ​លោក​អាច​ជួយ​បាន​ សូម​អាណិត​មេត្ដា​ជួយ​យើង​ផង»​

23. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ប្រសិន​បើ​អាច​ឬ?​ គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច​សម្រាប់​អ្នក​ជឿ»​

24. ភ្លាម​នោះ​ ឪពុក​ក្មេង​បាន​និយាយ​ទាំង​ទ្រហោ​យំ​ថា៖​ «ខ្ញុំ​ជឿ​ហើយ​ សូម​ជួយ​ភាព​គ្មាន​ជំនឿ​របស់​ខ្ញុំ​ផង»​

25. ដោយ​ឃើញ​បណ្ដាជន​កំពុង​តែ​រត់​មក​ជួប​ជុំ​គ្នា​ ព្រះយេស៊ូ​មាន​បន្ទូល​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖​ «វិញ្ញាណ​ថ្លង់​គ​ យើង​បង្គាប់​ឯង​ ចេញ​ពី​ក្មេង​នេះ​ទៅ​ ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»​

26. វា​ក៏​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ទៅ​ ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​បាន​ជា​មនុស្ស​ជា​ច្រើន​និយាយ​ថា​ ក្មេង​នោះ​ស្លាប់​ហើយ​

27. តែ​ព្រះយេស៊ូ​បាន​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឈរ​ឡើង​ ហើយ​វា​ក៏​ឈរ​ឡើង។​

28. ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​ពួក​សិស្ស​ព្រះអង្គ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​ «ហេតុ​អ្វី​ពួក​យើង​មិន​អាច​បណ្ដេញ​វិញ្ញាណ​នោះ​ឲ្យ​ចេញ​បាន?»​

29. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្មាន​អ្វី​អាច​បណ្ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន​ទេ​ លើក​លែង​តែ​តាម​រយៈ​ការ​អធិស្ឋាន»។​

30. ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ ប៉ុន្ដែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ទេ​

31. ដ្បិត​ព្រះអង្គ​បាន​បង្រៀន​សិស្ស​ព្រះអង្គ​ ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «កូន​មនុស្ស​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក​ លុះ​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»​

32. ប៉ុន្ដែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ហើយ​ក៏​មិន​ហ៊ាន​សួរ​ព្រះអង្គ​ដែរ។​

សូមអានជំពូកពេញលេញ ម៉ាកុស 9