គម្ពីរសញ្ញាថ្មី

ម៉ាកុស 9:1-11 Khmer Christian Bible (KCB)

1. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​ខ្លះ​កំពុង​ឈរ​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ​ លុះ​ត្រា​បាន​ឃើញ​នគរ​ព្រះជាម្ចាស់​មក​ប្រកប​ដោយ​អំណាច»។​

2. ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក​ ព្រះយេស៊ូ​នាំ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​ ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូប​រាង​ប្លែក​នៅ​ចំពោះ​មុខ​ពួកគេ​

3. ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ភ្លឺ​ចាំង​ គ្មាន​អ្នក​បោក​គក់​ណា​នៅ​ផែន​ដី​នេះ​អាច​ធ្វើ​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ​

4. ហើយ​លោក​អេលី​យ៉ា​ និង​លោក​ម៉ូសេ​បាន​លេច​មក​ឲ្យ​ពួកគេ​ឃើញ​ ពួក​គាត់​ទាំង​ពីរ​កំពុង​និយាយ​នឹង​ព្រះយេស៊ូ​

5. លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ ដែល​យើង​បាន​នៅ​ទី​នេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បី​ទៅ​ គឺ​មួយ​សម្រាប់​លោក​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​

6. ដ្បិត​គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ​ ព្រោះ​ពួកគេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​

7. នោះ​មាន​ពពក​លេច​មក​គ្រប​បាំង​ពួក​គាត់​ និង​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ ចូរ​ស្ដាប់​តាម​ព្រះអង្គ​ចុះ»​

8. ភ្លាម​នោះ​ ពួកគេ​មើល​ជុំវិញ​ខ្លួន​ ហើយ​មិន​បាន​ឃើញ​អ្នក​ណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​មួយ​អង្គ​គត់​ ដែល​នៅ​ជាមួយ​ពួកគេ​

9. ហើយ​ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះអង្គ​បង្គាប់​ពួកគេ​ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ឡើយ​ លើក​លែង​តែ​នៅ​ពេល​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ។​

10. ពួកគេ​បាន​រក្សា​ព្រះបន្ទូល​នោះ​ទុក​ក្នុង​ចិត្ដ​ និង​សួរ​ដេញ​ដោល​គ្នា​ថា​ តើ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​មាន​ន័យ​យ៉ាង​ដូច​ម្តេច?​

11. ហើយ​ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ហេតុ​អ្វី​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?»​

សូមអានជំពូកពេញលេញ ម៉ាកុស 9