គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:8-20 Khmer Christian Bible (KCB)

8. ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ ហើយ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ប្រាំ​ពីរ​កន្ត្រក​

9. ពេល​នោះ​មាន​មនុស្ស​ប្រហែល​បួន​ពាន់​នាក់​ រួច​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​

10. ភ្លាម​នោះ​ ព្រះអង្គ​បាន​ឡើង​ទូក​ជាមួយ​ពួក​សិស្ស​ទៅ​ភូមិ​ដាលម៉ានូថា។​

11. អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចេញ​មក​ ហើយ​ចាប់​ផ្ដើម​សួរ​ដេញ​ដោល​ព្រះអង្គ​ ដើម្បី​ស្វែង​រក​ទី​សំគាល់​ពី​ស្ថាន​សួគ៌​ល្បង​ល​ព្រះអង្គ​

12. ព្រះអង្គ​ដក​ដង្ហើម​ធំ​ ហើយ​មាន​បន្ទូល​ថា៖​ «ហេតុ​អ្វី​មនុស្ស​ជំនាន់​នេះ​ស្វែង​រក​ទីសំគាល់?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​នៅ​ជំនាន់​នេះ​ទេ»​

13. ព្រះអង្គ​ក៏​ចាក​ចេញ​ពី​គេ​ ហើយ​ឡើង​ទូក​វិញ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។​

14. ប៉ុន្ដែ​ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ ហើយ​នៅ​លើ​ទូក​ពួកគេ​គ្មាន​អ្វី​សោះ​ ក្រៅ​ពី​នំប៉័ង​មួយ​ដុំ​

15. ហើយ​ព្រះអង្គ​ព្រមាន​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ»​

16. ពួក​សិស្ស​សួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​ពួកគេ​គ្មាន​នំប៉័ង​

17. ពេល​ព្រះអង្គ​ជ្រាប​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​អ្នក​រាល់គ្នាសួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​ តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​ដឹង​ មិន​ទាន់​យល់​ឬ?​ តើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ឬ?​

18. តើ​អ្នក​រាល់គ្នា​មាន​ភ្នែក​មើល​មិន​ឃើញ​ មាន​ត្រចៀក​ស្ដាប់​មិន​ឮ​ ឬ​ក៏​អ្នក​រាល់គ្នា​ចាំ​មិន​បាន?​

19. នៅ​ពេល​ដែល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ដប់​ពីរ​កន្ដ្រក»​

20. «ចុះ​ពេល​នំបុ័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួន​ពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ប្រាំ​ពីរ​កន្ដ្រក»​

សូមអានជំពូកពេញលេញ ម៉ាកុស 8