គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:23-34 Khmer Christian Bible (KCB)

23. ព្រះអង្គ​បាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ពី​ក្រុង​ ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​ និង​ដាក់​ដៃ​លើ​គាត់​ រួច​សួរ​ថា៖​ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»​

24. គាត់​ក៏​សម្លឹង​មើល​ រួច​ទូល​ថា៖​ «ខ្ញុំ​មើល​ឃើញ​មនុស្ស​ តែ​ខ្ញុំ​ឃើញ​ពួកគេ​ដូច​ជា​ដើម​ឈើ​កំពុង​ដើរ»​

25. បន្ទាប់​មក​ ព្រះអង្គ​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត​ គាត់​ខំ​សម្លឹង​មើល​ ភ្នែក​គាត់​ក៏​បាន​ជា​ឡើង​វិញ​ ហើយ​គាត់​មើល​ឃើញ​អ្វីៗ​យ៉ាង​ច្បាស់​

26. ព្រះអង្គ​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​កុំ​ចូល​ទៅ​ក្នុង​ក្រុង​អី»​

27. បន្ទាប់​មក​ ព្រះយេស៊ូ​ និង​សិស្ស​ព្រះអង្គ​ បាន​ចេញ​ទៅ​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ក្រុង​សេសារា​ភីលីព​ ហើយ​នៅ​តាម​ផ្លូវ​ ព្រះអង្គ​មាន​បន្ទូល​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំង​ឡាយ​និយាយ​ថា​ខ្ញុំ​ជា​នរណា?​»

28. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គេ​និយាយ​ថា​លោក​ជា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល»​

29. ព្រះអង្គ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​សិស្ស​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?»​ ពេត្រុស​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ»​

30. ព្រះអង្គ​ក៏​ព្រមា​នមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ណា​អំពី​ព្រះអង្គ​ទេ។​

31. រួច​ព្រះអង្គក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​ «កូន​មនុស្ស​ត្រូវ​តែ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ ហើយ​សម្លាប់​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»​

32. ព្រះអង្គ​មាន​បន្ទូល​អំពី​ការ​នេះ​ត្រង់ៗ​ លោក​ពេត្រុស​ក៏​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពីគេ​ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​

33. តែ​ព្រះអង្គ​បែ​រម​ក​មើល​ពួក​សិស្ស​ព្រះអង្គ​ និង​ស្ដី​បន្ទោស​លោក​ពេត្រុស​ដោយ​មាន​បន្ទូល​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​ព្រះជាម្ចាស់​ទេ​ តែ​គិត​តាម​គំនិត​មនុស្ស​វិញ»។​

34. កាល​ព្រះអង្គ​ហៅ​ពួក​បណ្ដា​ជន​ និង​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ជួប​ជុំ​គ្នា​ហើយ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះ​បង់​ខ្លួន​ឯង​ ហើយ​លី​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​

សូមអានជំពូកពេញលេញ ម៉ាកុស 8