10. ភ្លាមនោះ ព្រះអង្គបានឡើងទូកជាមួយពួកសិស្សទៅភូមិដាលម៉ានូថា។
11. អ្នកខាងគណៈផារិស៊ីក៏ចេញមក ហើយចាប់ផ្ដើមសួរដេញដោលព្រះអង្គ ដើម្បីស្វែងរកទីសំគាល់ពីស្ថានសួគ៌ល្បងលព្រះអង្គ
12. ព្រះអង្គដកដង្ហើមធំ ហើយមានបន្ទូលថា៖ «ហេតុអ្វីមនុស្សជំនាន់នេះស្វែងរកទីសំគាល់? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សនៅជំនាន់នេះទេ»
13. ព្រះអង្គក៏ចាកចេញពីគេ ហើយឡើងទូកវិញឆ្លងទៅត្រើយម្ខាង។
14. ប៉ុន្ដែពួកសិស្សភ្លេចយកនំប៉័ង ហើយនៅលើទូកពួកគេគ្មានអ្វីសោះ ក្រៅពីនំប៉័ងមួយដុំ
15. ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងមេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ»
16. ពួកសិស្សសួរដេញដោលគ្នាពីការដែលពួកគេគ្មាននំប៉័ង
17. ពេលព្រះអង្គជ្រាប ក៏មានបន្ទូលទៅគេថា៖ «ហេតុអ្វីអ្នករាល់គ្នាសួរដេញដោលគ្នាពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនទាន់ដឹង មិនទាន់យល់ឬ? តើអ្នករាល់គ្នាមានចិត្ដរឹងរូសឬ?
18. តើអ្នករាល់គ្នាមានភ្នែកមើលមិនឃើញ មានត្រចៀកស្ដាប់មិនឮ ឬក៏អ្នករាល់គ្នាចាំមិនបាន?
19. នៅពេលដែលខ្ញុំកាច់នំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ដប់ពីរកន្ដ្រក»
20. «ចុះពេលនំបុ័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ប្រាំពីរកន្ដ្រក»
21. នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែមិនទាន់យល់ទៀតឬ?»
22. កាលពួកគេមកដល់ក្រុងបេតសៃដា បណ្ដាជនក៏នាំបុរសខ្វាក់ម្នាក់មករកព្រះអង្គ រួចសុំព្រះអង្គឲ្យព្រះអង្គពាល់គាត់
23. ព្រះអង្គបានដឹកដៃមនុស្សខ្វាក់នោះនាំចេញពីក្រុង ហើយព្រះអង្គក៏ស្ដោះទឹកមាត់ដាក់ភ្នែករបស់គាត់ និងដាក់ដៃលើគាត់ រួចសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?»
24. គាត់ក៏សម្លឹងមើល រួចទូលថា៖ «ខ្ញុំមើលឃើញមនុស្ស តែខ្ញុំឃើញពួកគេដូចជាដើមឈើកំពុងដើរ»