គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:1-9 Khmer Christian Bible (KCB)

1. នៅ​គ្រា​នោះ​ មាន​មនុស្ស​ច្រើន​កុះករ​មក​ម្ដង​ទៀត​ ហើយ​ពួកគេ​គ្មាន​អ្វី​បរិភោគ​សោះ​ ព្រះអង្គ​ក៏​ហៅ​ពួក​សិស្ស​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​

2. «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​

3. ហើយ​ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន​ នោះ​គេ​នឹង​អស់​កម្លាំង​ដួល​នៅ​តាម​ផ្លូវ​ ព្រោះ​អ្នក​ខ្លះ​មក​ពី​ទី​ឆ្ងាយៗ»​

4. ពួក​សិស្ស​ទូល​តប​ទៅ​ព្រះអង្គ​វិញ​ថា៖​ «នៅ​ទី​រហោឋាន​ដូច្នេះ​ តើ​អ្នក​ណា​អាច​រក​នំប៉័ង​ពី​កន្លែង​ណា​ឲ្យ​ពួកគេ​បរិភោគ​បាន?»​

5. ព្រះអង្គ​ក៏​សួរ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ គេ​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ»​

6. ព្រះអង្គ​ក៏​បង្គាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​នៅ​លើ​ដី​ ហើយ​ព្រះអង្គ​ក៏​យក​នំប៉័ង​ប្រាំ​ពីរ​ដុំ​នោះ​មក​ អរ​ព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ចែក​បណ្ដា​ជន​ ហើយ​ពួកគេ​ក៏​ចែក​ដល់​បណ្ដា​ជន​

7. ពួកគេ​មាន​ត្រី​ខ្លះ​ ព្រះអង្គ​ក៏​ឲ្យ​ពរ​ និង​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត​

8. ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ ហើយ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ប្រាំ​ពីរ​កន្ត្រក​

9. ពេល​នោះ​មាន​មនុស្ស​ប្រហែល​បួន​ពាន់​នាក់​ រួច​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​

សូមអានជំពូកពេញលេញ ម៉ាកុស 8