1. នៅគ្រានោះ មានមនុស្សច្រើនកុះករមកម្ដងទៀត ហើយពួកគេគ្មានអ្វីបរិភោគសោះ ព្រះអង្គក៏ហៅពួកសិស្ស និងមានបន្ទូលទៅគេថា៖
2. «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ
3. ហើយប្រសិនបើខ្ញុំឲ្យគេត្រលប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលនៅតាមផ្លូវ ព្រោះអ្នកខ្លះមកពីទីឆ្ងាយៗ»
4. ពួកសិស្សទូលតបទៅព្រះអង្គវិញថា៖ «នៅទីរហោឋានដូច្នេះ តើអ្នកណាអាចរកនំប៉័ងពីកន្លែងណាឲ្យពួកគេបរិភោគបាន?»
5. ព្រះអង្គក៏សួរទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» គេទូលថា៖ «មានប្រាំពីរដុំ»
6. ព្រះអង្គក៏បង្គាប់បណ្ដាជនឲ្យអង្គុយនៅលើដី ហើយព្រះអង្គក៏យកនំប៉័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្សរបស់ព្រះអង្គ ដើម្បីឲ្យពួកគេចែកបណ្ដាជន ហើយពួកគេក៏ចែកដល់បណ្ដាជន
7. ពួកគេមានត្រីខ្លះ ព្រះអង្គក៏ឲ្យពរ និងប្រាប់ពួកគេឲ្យចែកត្រីទាំងនោះទៀត
8. ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ហើយប្រមូលចំណិតនំប៉័ងនៅសល់បានប្រាំពីរកន្ត្រក
9. ពេលនោះមានមនុស្សប្រហែលបួនពាន់នាក់ រួចព្រះអង្គក៏រំសាយបណ្ដាជន
10. ភ្លាមនោះ ព្រះអង្គបានឡើងទូកជាមួយពួកសិស្សទៅភូមិដាលម៉ានូថា។
11. អ្នកខាងគណៈផារិស៊ីក៏ចេញមក ហើយចាប់ផ្ដើមសួរដេញដោលព្រះអង្គ ដើម្បីស្វែងរកទីសំគាល់ពីស្ថានសួគ៌ល្បងលព្រះអង្គ
12. ព្រះអង្គដកដង្ហើមធំ ហើយមានបន្ទូលថា៖ «ហេតុអ្វីមនុស្សជំនាន់នេះស្វែងរកទីសំគាល់? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សនៅជំនាន់នេះទេ»
13. ព្រះអង្គក៏ចាកចេញពីគេ ហើយឡើងទូកវិញឆ្លងទៅត្រើយម្ខាង។