គម្ពីរសញ្ញាថ្មី

ម៉ាកុស 7:5-22 Khmer Christian Bible (KCB)

5. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ទូល​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​ដូច្នេះ​ គឺ​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត?»​

6. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​ថា​ជា​មនុស្ស​មាន​ពុត​នោះ​ គឺ​ត្រឹម​ត្រូវ​ណាស់​ ដូច​មាន​ចែងទុក​មក​ថា៖​ ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់​

7. ពួកគេ​ថ្វាយ​បង្គំ​យើង​ជា​ឥត​ប្រយោជន៍​ ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង។​

8. អ្នក​រាល់គ្នា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​ រួច​ប្រកាន់​យក​ទំនៀម​ទម្លាប់​មនុស្ស​វិញ»។​

9. ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «អ្នក​រាល់គ្នា​ពិត​ជា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​មែន​ ដើម្បី​ឲ្យ​ទំនៀម​ទម្លាប់​អ្នក​រាល់គ្នា​អាច​នៅ​គង់​វង្ស​

10. ដ្បិត​លោក​ម៉ូសេ​បាន​បង្គាប់​ថា​ ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក​ អ្នកណា​ជេរ​ប្រមាថ​ឪពុក​ ឬ​ម្ដាយ​ អ្នក​នោះ​ត្រូវ​ស្លាប់​

11. ប៉ុន្ដែ​អ្នក​រាល់គ្នា​និយាយ​ថា​ ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា​ អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ​ គឺ​ជា​គ័របាន់​ (មាន​ន័យ​ថា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់)​

12. ហើយ​អ្នក​រាល់គ្នា​មិន​ឲ្យ​អ្នក​នោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក​ម្ដាយ​ឡើយ។​

13. អ្នក​រាល់គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយ​សារ​តែ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​ការ​ស្រដៀង​គ្នា​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​ធ្វើ»​

14. ព្រះអង្គ​ហៅ​បណ្ដាជន​មក​ម្ដង​ទៀត​ ហើយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ស្ដាប់​ខ្ញុំ​ឲ្យ​យល់​ចុះ​

15. គ្មាន​អ្វី​នៅ​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស​ អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​វិញ​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​

16. អ្នកណា​មាន​ត្រ​ចៀក​ ចូរ​ស្ដាប់​ចុះ»។​

17. បន្ទាប់​មក​ ពេល​ព្រះអង្គ​ចេញ​ពី​បណ្ដាជន​ ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ពួក​សិស្ស​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​ប្រៀប​ប្រដូច​នោះ​

18. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​ដែរ​ឬ?​ តើ​អ្នក​រាល់គ្នា​មិន​យល់​ទេ​ឬ​ថា​ អ្វី​នៅ​ខាង​ក្រៅ​ ដែល​ចូល​ក្នុង​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​បាន​ទេ​នោះ?​

19. ព្រោះ​វា​មិន​មែន​ចូល​ទៅ​ក្នុង​ចិត្ដ​គេ​ទេ​ តែ​ចូល​ទៅ​ក្នុង​ពោះ​គេ​វិញ​ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់»​ ដូច្នេះ​អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត​ទេ​

20. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​

21. ដ្បិត​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ លួច​ប្លន់​ សម្លាប់​មនុស្ស​

22. ផិត​ក្បត់​ លោភ​លន់​ ចិត្ដ​អាក្រក់​ បោក​ប្រាស់​ ល្មោភ​កាម​ ច្រណែន​ឈ្នានីស​ ជេរ​ប្រមាថ ​អំនួត​ ឆ្កួត​លេលា​

សូមអានជំពូកពេញលេញ ម៉ាកុស 7