គម្ពីរសញ្ញាថ្មី

ម៉ាកុស 7:24-34 Khmer Christian Bible (KCB)

24. រួច​ព្រះអង្គ​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ និង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​សោះ​ ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​គេច​រួច​បាន​ទេ​

25. ដ្បិត​ភ្លាម​នោះ​ មាន​ស្ដ្រី​ម្នាក់​ ដែល​មាន​កូន​ស្រី​ត្រូវ​វិញ្ញាណ​អាក្រក់​ចូល​ បាន​ឮ​អំពី​ព្រះអង្គ​ ក៏​មក​ក្រាប​នៅ​ទៀប​ព្រះអង្គ​

26. រីឯ​ស្ដ្រី​នោះ​ជា​ជន​ជាតិ​ក្រេក​កាត់​ស៊ីរ៉ូភេនីស​ នាង​បាន​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​កូន​ស្រី​នាង​

27. តែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ត្រូវ​ឲ្យ​កូន​បរិភោគ​អាហារ​ឆ្អែត​សិន​ ដ្បិត​មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​

28. តែ​នាង​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​ដែរ»​

29. ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ដោយ​សារ​ពាក្យ​នេះ​ វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​កូន​ស្រីនាង​ហើយ»​

30. ពេល​ទៅ​ដល់​ផ្ទះ​ នាង​បាន​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ​ រីឯ​អារក្ស​បាន​ចេញ​បាត់​ហើយ។​

31. ព្រះអង្គ​បាន​យាង​ចេញ​ពីក្រុង​ទីរ៉ុស​ម្ដង​ទៀត​ ឆ្លង​កាត់​ក្រុង​ស៊ីដូន​ ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល​

32. គេ​នាំ​មនុស្ស​ម្នាក់​ថ្លង់​ និង​ពិបាក​ក្នុង​ការ​និយាយ​មក​ឯ​ព្រះអង្គ​ ហើយ​គេ​សុំ​ព្រះអង្គ​ឲ្យ​ដាក់​ដៃ​លើ​គាត់​

33. ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​

34. ព្រះអង្គ​សម្លឹង​ទៅ​លើ​មេឃ​ ទាំង​ដក​ដង្ហើម​ធំ​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អិបផាថា»​ មាន​ន័យ​ថា​ «ចូរ​បើក​ឡើង»​

សូមអានជំពូកពេញលេញ ម៉ាកុស 7