គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:7-27 Khmer Christian Bible (KCB)

7. ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់​ពីរ​នាក់​មក​ ហើយ​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់​ រួច​ក៏​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់​

8. ព្រះអង្គ​បង្គាប់​ពួកគេ​ថា៖​ «ពេល​ធ្វើ​ដំណើរ​ ក្រៅ​ពី​ឈើ​ច្រត់​ កុំ​យក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​ គឺ​មិន​ត្រូវ​យក​នំបុ័ង​ ថង់​យាម​ និង​ដាក់​លុយ​នៅ​ក្នុង​ខ្សែ​ក្រវាត់​ឡើយ​

9. តែ​ត្រូវ​ពាក់​ស្បែក​ជើង​ ហើយ​មិន​ត្រូវ​ពាក់​អាវ​ពីរ​ទេ»​

10. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ចូរ​ស្នាក់​នៅ​ផ្ទះ​ដែល​អ្នក​រាល់គ្នា​បាន​ចូល​រហូត​ដល់​ចាក​ចេញ​ពី​ទី​នោះ​

11. ឯ​កន្លែង​ណា​ដែល​មិន​ទទួល​ ឬ​មិន​ស្ដាប់​អ្នក​ ចូរ​រលាស់​ធូលី​ដី​ពី​បាត​ជើង​អ្នក​ ពេល​ចេញ​ពី​ទី​នោះ​ ទុក​ជា​ទី​បន្ទាល់​ដល់​គេ»​

12. ដូច្នេះ​ ពួកគេ​ក៏​ចេញ​ទៅ​ និង​ប្រកាស​ឲ្យ​មនុស្ស​ប្រែ​ចិត្ដ​

13. និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ជា​ច្រើន​ ទាំង​ចាក់​ប្រេង​តាំង​លើ​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​បាន​ជា។​

14. ស្ដេច​ហេរ៉ូឌ​បាន​ឮ​ពី​ការ​នេះ​ ដ្បិត​ព្រះ​នាម​ព្រះអង្គ​ល្បី​ល្បាញ​ ហើយ​គេ​និយាយ​ថា៖​ «លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ការ​អស្ចារ្យ​កើត​ឡើង​តាម​រយៈ​គាត់»​

15. ប៉ុន្ដែ​អ្នក​ខ្លះ​និយាយ​ថា៖​ «ជា​លោក​អេលីយ៉ា»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល​ជំនាន់​មុន»​

16. កាល​ស្ដេច​ហេរ៉ូឌ​ឮ​ពី​ការ​នេះ​ក៏​មាន​បន្ទូល​ថា៖​ «លោក​យ៉ូហាន​ដែល​ខ្ញុំ​បាន​កាត់​ក​នោះ​ បាន​រស់​ឡើង​វិញ​ហើយ»​

17. ដ្បិត​ស្ដេច​ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ​ដោយ​សារ​ស្ដេច​បាន​រៀប​ការ​ជាមួយ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ដែល​ត្រូវ​ជា​ប្អូន​របស់​ស្ដេច​

18. ប៉ុន្ដែ​លោក​យ៉ូហាន​បាន​ទូល​ស្ដេច​ហេរ៉ូឌ​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ ដែល​ព្រះអង្គ​យក​ប្រពន្ធ​របស់​ប្អូន​ខ្លួន​ឯង​នោះ»​

19. នាង​ហេរ៉ូឌាស​ក៏​ចង​គំនុំ​នឹង​លោក​យ៉ូហាន​ ហើយ​ចង់​សម្លាប់​គាត់​ តែ​នាង​មិន​អាច​ធ្វើ​បាន​

20. ដ្បិត​ស្ដេច​ហេរ៉ូឌ​កោត​ខ្លាច​ និង​ការពារ​លោក​យ៉ូហាន ព្រោះ​ដឹង​ថា​ គាត់​ជា​មនុស្ស​សុចរិត​បរិសុទ្ធ​ ហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ក៏​រារែក​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ដែរ។​

21. កាល​ឱកាស​ល្អ​មក​ដល់​ គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ស្ដេច​ហេរ៉ូឌ​ ព្រះអង្គ​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ឲ្យ​ពួក​មន្ត្រី​ មេ​ទ័ព​ធំៗ​ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលីឡេ​

22. កូន​ស្រី​នាង​ហេរ៉ូឌាស​ក៏​ចូល​មក​រាំ​ថ្វាយ​ ហើយ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​ និង​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ស្ដេច​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​ចង់​បាន​អ្វី​ ចូរ​សុំ​យើង​ចុះ​ យើង​នឹង​ឲ្យ​នាង»​

23. ព្រះអង្គ​បាន​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖​ «អ្វី​ក៏​ដោយ​ដែល​នាង​សុំ​យើង​ យើង​នឹង​ឲ្យ​នាង​ សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»​

24. នាង​ក៏​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា៖​ «តើ​ខ្ញុំ​គួរ​សុំ​អ្វី?»​ នោះ​ម្ដាយ​នាង​បាន​ប្រាប់​ថា៖​ «ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក»​

25. ភ្លាម​នោះ​ នាង​បាន​ចូល​ទៅ​ជួប​ស្ដេច​យ៉ាង​ប្រញាប់​ប្រញាល់​ ហើយ​ទូល​សុំ​ថា៖​ «ខ្ញុំ​សុំ​ព្រះអង្គ​ប្រទាន​ក្បាល​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​នៅ​ពេល​នេះ»​

26. ពេល​នោះ​ ស្ដេច​ប្រែ​ជា​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ​

27. ដូច្នេះ​ ស្ដេច​ក៏​ចាត់​ពេជ្ឈ​ឃាដ​ភ្លាម​ ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហាន​មក​ ពេជ្ឈ​ឃាដ​ក៏​ចេញ​ទៅ​កាត់​ក​គាត់​នៅ​ក្នុង​គុក​

សូមអានជំពូកពេញលេញ ម៉ាកុស 6