គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:37-51 Khmer Christian Bible (KCB)

37. ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ គេ​ក៏​ទូល​ព្រះអង្គវិញ​ថា៖​ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ឌេណារី​ ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»​

38. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ទៅ​មើល​មើល៍​ អ្នក​រាល់គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន?»​ ពេល​ដឹង​ហើយ ​គេ​ទូល​ព្រះអង្គ​ថា៖​ «យើង​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​

39. ព្រះអង្គ​ក៏​បង្គាប់​គេ​គ្រប់​គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី​

40. ហើយ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ដែល​មាន​គ្នា​មួយ​រយ​នាក់​ ឬ​ហាសិប​នាក់​

41. បន្ទាប់​ពី​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​មក​ ព្រះអង្គ​ក៏​ងើយ​មើល​ទៅ​ឯ​ស្ថាន​សួគ៌​ ទាំង​អរ​ព្រះគុណ​ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​សិស្ស​ ដើម្បី​រៀប​ចំ​នៅ​មុខ​គេ​ ហើយ​ចែក​ត្រី​ពីរ​នោះ​ដល់​គេ​ទាំង​អស់​គ្នា​ដែរ។​

42. ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​គ្រប់​គ្នា​

43. បន្ទាប់​មក​ ពួកគេ​ប្រមូល​ចំណិត​នំបុ័ង​ និង​ត្រី​ដែល​នៅ​សល់​បាន​ដប់​ពីរ​កន្ដ្រក​ពេញៗ​

44. មនុស្ស​ដែល​បាន​បរិភោគ​នំប៉័ង​នោះ​ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។​

45. ភ្លាម​នោះ​ ព្រះអង្គ​តឿន​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ឆ្ពោះ​ទៅ​ក្រុង​បេតសៃដា​មុន​ ហើយ​ទី​បំផុត​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​

46. កាល​ព្រះអង្គ​មាន​បន្ទូល​លា​ពួកគេ​ហើយ​ ក៏​យាង​ទៅ​ភ្នំ​ ដើម្បី​អធិស្ឋាន។​

47. ល្ងាច​នោះ​ទូក​បាន​នៅ​កណ្ដាល​បឹង​ ហើយ​ព្រះអង្គ​នៅ​លើ​គោក​តែ​ម្នាក់​ឯង​

48. ព្រះអង្គ​បាន​ឃើញ​ពួកគេ​ចែវ​ទូក​បញ្ច្រាស់​ខ្យល់​យ៉ាង​លំបាក​ ដូច្នេះ​ប្រហែល​នៅ​យាម​ទី​បួន​យប់​នោះ​ ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង​ទៅ​ឯ​ពួកគេ ​ហើយ​ចង់​ទៅ​ហួស​ពួកគេ​

49. ពេល​ឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ ពួកគេ​ស្មាន​ថា​ខ្មោច​លង​ ក៏​ស្រែក​ឡើង​

50. ព្រោះ​ពួកគេ​គ្រប់​គ្នា​ខ្លាច​ពេល​ឃើញ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ»​

51. ព្រះអង្គ​ក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​ រីឯ​ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។​

សូមអានជំពូកពេញលេញ ម៉ាកុស 6