គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:30-44 Khmer Christian Bible (KCB)

30. កាល​ពួក​សាវក​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះយេស៊ូ​ គេ​ក៏​ទូល​ប្រាប់​ព្រះអង្គ​ពី​អ្វីៗ​ដែល​គេ​បាន​ធ្វើ​ និង​បាន​បង្រៀន​

31. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​មក​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​រាល់គ្នា​បាន​សម្រាក​បន្ដិច»​ ព្រោះ​មនុស្ស​ចេញចូល​ច្រើន​ពេក​ រក​តែ​ពេល​បរិភោគ​ក៏​មិន​បាន​

32. ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​

33. ប៉ុន្ដែ​ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ និង​ពួក​សិស្ស​ចេញ​ទៅ​ ហើយ​បាន​ដឹង​ពី​កន្លែង​ដែល​ពួកគេ​ទៅ​ ក៏​រត់​ដោយ​ថ្មើរ​ជើង​ពី​ក្រុង​ទាំង​អស់​ទៅ​ទី​នោះ​ ហើយ​បណ្ដាជន​បាន​ទៅ​ដល់​មុន​

34. ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះ​ករ​ ក៏​មានចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ ព្រោះ​ពួកគេ​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។​

35. ពេល​នោះ​ជិត​យប់​ហើយ​ ពួក​សិស្ស​ក៏​មក​រក​ព្រះអង្គ​ទូល​ថា៖​ «កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ ពេល​នេះ​ជិត​យប់​ទៅ​ហើយ​

36. សូម​រំសាយ​ពួកគេ​ឲ្យ​ទៅ​ស្រុក​ភូមិ​នៅ​ជុំវិញ​ ដើម្បី​ទិញ​អាហារ​បរិភោគ​ដោយ​ខ្លួន​គេ»​

37. ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ គេ​ក៏​ទូល​ព្រះអង្គវិញ​ថា៖​ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ឌេណារី​ ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»​

38. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ទៅ​មើល​មើល៍​ អ្នក​រាល់គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន?»​ ពេល​ដឹង​ហើយ ​គេ​ទូល​ព្រះអង្គ​ថា៖​ «យើង​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​

39. ព្រះអង្គ​ក៏​បង្គាប់​គេ​គ្រប់​គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី​

40. ហើយ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ដែល​មាន​គ្នា​មួយ​រយ​នាក់​ ឬ​ហាសិប​នាក់​

41. បន្ទាប់​ពី​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​មក​ ព្រះអង្គ​ក៏​ងើយ​មើល​ទៅ​ឯ​ស្ថាន​សួគ៌​ ទាំង​អរ​ព្រះគុណ​ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​សិស្ស​ ដើម្បី​រៀប​ចំ​នៅ​មុខ​គេ​ ហើយ​ចែក​ត្រី​ពីរ​នោះ​ដល់​គេ​ទាំង​អស់​គ្នា​ដែរ។​

42. ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​គ្រប់​គ្នា​

43. បន្ទាប់​មក​ ពួកគេ​ប្រមូល​ចំណិត​នំបុ័ង​ និង​ត្រី​ដែល​នៅ​សល់​បាន​ដប់​ពីរ​កន្ដ្រក​ពេញៗ​

44. មនុស្ស​ដែល​បាន​បរិភោគ​នំប៉័ង​នោះ​ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។​

សូមអានជំពូកពេញលេញ ម៉ាកុស 6