គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:22-32 Khmer Christian Bible (KCB)

22. កូន​ស្រី​នាង​ហេរ៉ូឌាស​ក៏​ចូល​មក​រាំ​ថ្វាយ​ ហើយ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​ និង​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ស្ដេច​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​ចង់​បាន​អ្វី​ ចូរ​សុំ​យើង​ចុះ​ យើង​នឹង​ឲ្យ​នាង»​

23. ព្រះអង្គ​បាន​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖​ «អ្វី​ក៏​ដោយ​ដែល​នាង​សុំ​យើង​ យើង​នឹង​ឲ្យ​នាង​ សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»​

24. នាង​ក៏​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា៖​ «តើ​ខ្ញុំ​គួរ​សុំ​អ្វី?»​ នោះ​ម្ដាយ​នាង​បាន​ប្រាប់​ថា៖​ «ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក»​

25. ភ្លាម​នោះ​ នាង​បាន​ចូល​ទៅ​ជួប​ស្ដេច​យ៉ាង​ប្រញាប់​ប្រញាល់​ ហើយ​ទូល​សុំ​ថា៖​ «ខ្ញុំ​សុំ​ព្រះអង្គ​ប្រទាន​ក្បាល​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​នៅ​ពេល​នេះ»​

26. ពេល​នោះ​ ស្ដេច​ប្រែ​ជា​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ​

27. ដូច្នេះ​ ស្ដេច​ក៏​ចាត់​ពេជ្ឈ​ឃាដ​ភ្លាម​ ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហាន​មក​ ពេជ្ឈ​ឃាដ​ក៏​ចេញ​ទៅ​កាត់​ក​គាត់​នៅ​ក្នុង​គុក​

28. រួច​គេ​បាន​នាំ​ក្បាល​គាត់​ដាក់​លើ​ថាស​ មក​ប្រគល់​ឲ្យ​នាង​ ហើយ​នាង​ក៏​ប្រគល់​ឲ្យ​ម្ដាយ​នាង​

29. ពេល​សិស្ស​របស់​គាត់​ឮ​ដូច្នេះ​ ក៏​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។​

30. កាល​ពួក​សាវក​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះយេស៊ូ​ គេ​ក៏​ទូល​ប្រាប់​ព្រះអង្គ​ពី​អ្វីៗ​ដែល​គេ​បាន​ធ្វើ​ និង​បាន​បង្រៀន​

31. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​មក​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​រាល់គ្នា​បាន​សម្រាក​បន្ដិច»​ ព្រោះ​មនុស្ស​ចេញចូល​ច្រើន​ពេក​ រក​តែ​ពេល​បរិភោគ​ក៏​មិន​បាន​

32. ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​

សូមអានជំពូកពេញលេញ ម៉ាកុស 6