20. គាត់ក៏ចាកចេញទៅ និងចាប់ផ្ដើមប្រកាសនៅស្រុកដេកាប៉ូលពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់ ហើយមនុស្សគ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ។
21. ព្រះយេស៊ូបានចុះទូកឆ្លងទៅត្រើយម្ខាងទៀត មានមនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាមករកព្រះអង្គ ដែលកំពុងគង់នៅមាត់បឹង
22. ហើយមានប្រធានសាលាប្រជុំម្នាក់ ឈ្មោះយៃរ៉ូសមករកព្រះអង្គ កាលបានឃើញព្រះអង្គហើយ គាត់ក៏ក្រាបចុះនៅទៀបព្រះអង្គ
23. គាត់អង្វរព្រះអង្គយ៉ាងទទូចថា៖ «កូនស្រីខ្ញុំជិតស្លាប់ហើយ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា និងមានជីវិតវិញផង»
24. ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។
25. មានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ
26. នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្ដែមិនបានផលអ្វីឡើយ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។
27. នៅពេលបានឮអំពីព្រះយេស៊ូ នាងក៏មកក្នុងចំណោមបណ្ដាជន ហើយពាល់អាវរបស់ព្រះអង្គពីខាងក្រោយ
28. ដ្បិតនាងបាននិយាយថា៖ «ប្រសិនបើខ្ញុំបានពាល់តឹ្រមតែអាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»
29. ភ្លាមនោះ ឈាមឈប់ធ្លាក់ ហើយនាងបានដឹងនៅក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺគ្រាំគ្រានោះហើយ។
30. ព្រះយេស៊ូជ្រាបក្នុងអង្គទ្រង់ភ្លាមថា អំណាចបានចេញពីព្រះអង្គទៅ ព្រះអង្គក៏បែរទៅបណ្ដាជន និងមានបន្ទូលថា៖ «តើអ្នកណាបានពាល់អាវខ្ញុំ?»
31. ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូក៏ឃើញមនុស្សជាច្រើនប្រជ្រៀតលោកគ្រូដែរ ម្ដេចក៏សួរថា តើអ្នកណាពាល់ខ្ញុំយ៉ាងដូច្នេះ?»