គម្ពីរសញ្ញាថ្មី

ម៉ាកុស 4:9-24 Khmer Christian Bible (KCB)

9. បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»។​

10. នៅ​ពេល​ព្រះអង្គគង់​នៅ​តែ​ឯង​ សាវក​ទាំង​ដប់​ពីរ​ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​ព្រះអង្គ​ បាន​ទូល​សួរ​ព្រះអង្គ​ពី​រឿង​ប្រៀប​ប្រដូច​ទាំង​នោះ​

11. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​នោះ​បាន​មក​ដល់​គេ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​វិញ​

12. ដើម្បី​ឲ្យ​ពួក​គេ​មើល​ តែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ តែ​មិន​យល់​ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​ ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស»​

13. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​រឿង​ប្រៀប​ប្រដូច​នេះ​ទេ​ឬ?​ បើ​ដូច្នេះ​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​យល់​រឿង​ប្រៀប​ប្រដូច​ទាំង​អស់​បាន?​

14. គឺ​មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ព្រោះ​ព្រះបន្ទូល​

15. អ្នក​ខ្លះ​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​នៅ​តាម​ផ្លូវ​ ជា​កន្លែង​ដែល​គ្រាប់​ពូជ​ព្រោះ​ចុះ​ទៅ​ ពេល​គេ​ឮ​ព្រះបន្ទូល​ភ្លាម ​អារក្ស​សាតាំង​ក៏​មក ហើយ​ឆក់​យក​ព្រះបន្ទូល​ដែល​បាន​ព្រោះ​នៅ​ក្នុង​គេ​នោះ​ទៅ​

16. អ្នក​ខ្លះ​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​ព្រោះ​ចុះ​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពេល​គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ​

17. ប៉ុន្ដែ​ដោយ​ព្រោះ​គេ​មិន​ចាក់​ឫស​ គេ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​

18. ឯ​អ្នក​ដទៃ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​គុម្ព​បន្លា​ គេ​ឮ​ព្រះបន្ទូល​

19. ប៉ុន្ដែ​ពេល​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​ជីវិត​ សេចក្ដី​បោក​បញ្ចោត​នៃ​ទ្រព្យ​សម្បត្ដិ​ និង​សេចក្ដី​ប៉ងប្រាថ្នា​ផ្សេងៗ​ចូល​មក​ នោះ​ក៏​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផល​ផ្លែ​

20. ហើយ​អ្នក​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​ដី​ល្អ​ គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ ហើយ​បង្កើត​ផលផ្លែ​ មួយ​ជា​សាមសិប​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​មួយ​រយ»។​

21. បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​គេ​យក​ចង្កៀង​ទៅ​ដាក់​នៅ​ក្រោម​ថាំង​ ឬ​នៅ​ក្រោម​គ្រែ​ឬ?​ តើ​គេ​មិន​ដាក់​វា​នៅ​លើ​ជើង​ចង្កៀង​ទេ​ឬ​អី?​

22. ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​លាត​ត្រដាង​ចេញ​មក​នោះ​ដែរ​

23. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»​

24. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ចុះ។​ រង្វាល់​ដែល​អ្នក​រាល់គ្នា​វាល់​ឲ្យ​គេ​ អ្នក​រាល់គ្នា​នឹងទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ​ ទាំង​បន្ថែម​ឲ្យ​អ្នក​រាល់គ្នា​ទៀត​ផង​

សូមអានជំពូកពេញលេញ ម៉ាកុស 4