4. ពេលកំពុងព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់
5. គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី ហើយក៏ដុះឡើងភ្លាម ពីព្រោះដីមិនជ្រៅ
6. ហើយនៅពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិត ដោយព្រោះគ្មានឫស
7. គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយបន្លាក៏ដុះឡើងរឹបរួតគ្រាប់ពូជនោះ មិនឲ្យបង្កើតផលបាន
8. ឯគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផលជាច្រើន មួយគ្រាប់ឲ្យផលសាមសិប មួយគ្រាប់ឲ្យផលហុកសិប និងមួយគ្រាប់ឲ្យផលមួយរយ»។
9. បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា៖ «អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។
10. នៅពេលព្រះអង្គគង់នៅតែឯង សាវកទាំងដប់ពីរ និងអ្នកផ្សេងទៀតដែលនៅជុំវិញព្រះអង្គ បានទូលសួរព្រះអង្គពីរឿងប្រៀបប្រដូចទាំងនោះ
11. ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់បានប្រទានមកអ្នករាល់គ្នា ប៉ុន្ដែសម្រាប់អ្នកក្រៅ សេចក្ដីទាំងនោះបានមកដល់គេតាមរយៈរឿងប្រៀបប្រដូចវិញ
12. ដើម្បីឲ្យពួកគេមើល តែមិនឃើញ ឲ្យស្ដាប់ តែមិនយល់ ក្រែងលោគេប្រែចិត្ដ ហើយទទួលបានការលើកលែងទោស»
13. ហើយព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបប្រដូចនេះទេឬ? បើដូច្នេះ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាយល់រឿងប្រៀបប្រដូចទាំងអស់បាន?
14. គឺមានអ្នកព្រោះពូជម្នាក់ព្រោះព្រះបន្ទូល
15. អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលនៅតាមផ្លូវ ជាកន្លែងដែលគ្រាប់ពូជព្រោះចុះទៅ ពេលគេឮព្រះបន្ទូលភ្លាម អារក្សសាតាំងក៏មក ហើយឆក់យកព្រះបន្ទូលដែលបានព្រោះនៅក្នុងគេនោះទៅ
16. អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ