គម្ពីរសញ្ញាថ្មី

ម៉ាកុស 4:1-15 Khmer Christian Bible (KCB)

1. ព្រះអង្គ​បាន​ចាប់ផ្ដើម​បង្រៀន​ម្ដង​ទៀត​នៅ​មាត់​បឹង​ ហើយ​បណ្ដាជន​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​យាង​ចុះ​ទៅ​អង្គុយ​លើ​ទូក​ក្នុង​បឹង​ រីឯ​បណ្ដាជន​ទាំង​អស់​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​

2. ព្រះអង្គ​បាន​បង្រៀន​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​

3. «ចូរ​ស្ដាប់!​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​

4. ពេល​កំពុង​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់​

5. គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី​ ហើយ​ក៏​ដុះ​ឡើង​ភ្លាម​ ពីព្រោះ​ដី​មិន​ជ្រៅ​

6. ហើយ​នៅ​ពេល​ថ្ងៃ​រះ​ឡើង​ វា​ក៏​ក្រៀម​ស្វិត​ ដោយ​ព្រោះ​គ្មាន​ឫស​

7. គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ ហើយ​បន្លា​ក៏​ដុះ​ឡើង​រឹប​រួត​គ្រាប់​ពូជ​នោះ​ មិន​ឲ្យ​បង្កើត​ផល​បាន​

8. ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​លើ​ដី​ល្អ​ ហើយ​ដុះ​ឡើង​បង្កើត​ផល​ជា​ច្រើន​ មួយ​គ្រាប់ឲ្យ​ផល​សាម​សិប​ មួយ​គ្រាប់​ឲ្យ​ផល​ហុក​សិប​ និង​មួយ​គ្រាប់​ឲ្យ​ផល​មួយ​រយ»។​

9. បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»។​

10. នៅ​ពេល​ព្រះអង្គគង់​នៅ​តែ​ឯង​ សាវក​ទាំង​ដប់​ពីរ​ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​ព្រះអង្គ​ បាន​ទូល​សួរ​ព្រះអង្គ​ពី​រឿង​ប្រៀប​ប្រដូច​ទាំង​នោះ​

11. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​នោះ​បាន​មក​ដល់​គេ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​វិញ​

12. ដើម្បី​ឲ្យ​ពួក​គេ​មើល​ តែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ តែ​មិន​យល់​ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​ ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស»​

13. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​រឿង​ប្រៀប​ប្រដូច​នេះ​ទេ​ឬ?​ បើ​ដូច្នេះ​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​យល់​រឿង​ប្រៀប​ប្រដូច​ទាំង​អស់​បាន?​

14. គឺ​មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ព្រោះ​ព្រះបន្ទូល​

15. អ្នក​ខ្លះ​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​នៅ​តាម​ផ្លូវ​ ជា​កន្លែង​ដែល​គ្រាប់​ពូជ​ព្រោះ​ចុះ​ទៅ​ ពេល​គេ​ឮ​ព្រះបន្ទូល​ភ្លាម ​អារក្ស​សាតាំង​ក៏​មក ហើយ​ឆក់​យក​ព្រះបន្ទូល​ដែល​បាន​ព្រោះ​នៅ​ក្នុង​គេ​នោះ​ទៅ​

សូមអានជំពូកពេញលេញ ម៉ាកុស 4