គម្ពីរសញ្ញាថ្មី

ម៉ាកុស 2:4-17 Khmer Christian Bible (KCB)

4. តែ​ដោយសារ​មាន​មនុស្ស​ច្រើន​កក​កុញ​ពេក​ គេ​មិន​អាច​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ចូល​ទៅ​ខាង​ក្នុង​បាន​ទេ​ គេ​ក៏​រើ​ដំបូល​ចំ​កន្លែង​ដែល​ព្រះអង្គ​នៅ​ លុះ​បាន​រើ​ហើយ​ ក៏​សំរូត​មនុស្ស​ស្លាប់​ដៃ​ជើង​ដែល​កំពុង​ដេក​លើ​កន្ទេល​នោះ​ចុះ​

5. ព្រះអង្គ​បាន​ឃើញ​ជំនឿ​អ្នក​ទាំង​នោះ​ ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ជើង​នោះ​ថា៖​ «កូន​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ»​

6. មាន​គ្រូ​វិន័យ​ខ្លះ​កំពុង​អង្គុយ​នៅ​ទី​នោះ​រិះ​គិត​ក្នុង​ចិត្ដ​ថា៖​

7. «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​អ្នកណា​លើក​លែង​ទោស​បាប​បាន​ ក្រៅ​ពី​ព្រះជាម្ចាស់​តែ​មួយ​គត់?»​

8. ព្រះអង្គ​ឈ្វេង​យល់​ក្នុង​វិញ្ញាណ​ភ្លាម​ពី​គំនិត​គេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​កាន់​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​

9. តើ​ការ​ដែល​និយាយ​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការលើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ យក​កន្ទេល​របស់​អ្នក​ ដើរ​ទៅ​ មួយ​ណា​ស្រួល​ជាង?​

10. ប៉ុន្ដែ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​លើ​ផែន​ដី​នេះ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់អ្ន​ក​ស្លាប់​ដៃ​ជើង​ថា៖​

11. «ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ ចូរ​ក្រោក​ឡើង​ យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ផ្ទះ​ចុះ»​

12. គាត់​ក៏​ក្រោក​ឡើង​ភ្លាម​ ហើយ​យក​កន្ទេល​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់​ ដូច្នេះ​ គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច​នេះ​ទាល់​តែ​សោះ​ពី​មុន​មក»។​

13. ព្រះអង្គ​ចេញ​ទៅ​តាម​មាត់​បឹង​ម្ដង​ទៀត​ មនុស្ស​ច្រើន​កុះករ​មក​តាម​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​បង្រៀន​ពួកគេ។​

14. ពេល​កំពុង​យាង​កាត់​តាម​ទីនោះ​ ព្រះអង្គ​បាន​ឃើញ​លោក​លេវី​ ជា​កូន​លោក​អាល់​ផាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​ គាត់​បាន​ក្រោក​ឈរ​ឡើង​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​

15. បន្ទាប់​មក​ ព្រះអង្គ​បាន​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​លោក​លេវី​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​ចូល​រួម​បរិភោគ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​ដែរ​ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ដើរ​តាម​ព្រះអង្គ​

16. គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ ពេល​ឃើញ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ​ ក៏​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គាត់​បរិភោគ​ជាមួយ​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​ដូច្នេះ?»​

17. នៅ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវការ​គ្រូ​ពេទ្យ​ទេ​ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។​ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​

សូមអានជំពូកពេញលេញ ម៉ាកុស 2