គម្ពីរសញ្ញាថ្មី

ម៉ាកុស 2:15-23 Khmer Christian Bible (KCB)

15. បន្ទាប់​មក​ ព្រះអង្គ​បាន​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​លោក​លេវី​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​ចូល​រួម​បរិភោគ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​ដែរ​ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ដើរ​តាម​ព្រះអង្គ​

16. គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ ពេល​ឃើញ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ​ ក៏​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គាត់​បរិភោគ​ជាមួយ​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​ដូច្នេះ?»​

17. នៅ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវការ​គ្រូ​ពេទ្យ​ទេ​ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។​ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​

18. ពួក​សិស្ស​របស់​លោក​យ៉ូហាន​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​កំពុង​តម​អាហារ។​ ពួកគេ​បាន​មក​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»​

19. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​តម​អាហារ​បាន​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​គេ​នៅ​ឡើយ?​ ដរាប​ណា​កូន​កំ​លោះ​នៅ​ជាមួយ​គេ​នៅ​ឡើយ​ គេ​មិន​អាច​តម​អាហារ​បាន​ទេ​

20. ប៉ុន្ដែ​នឹង​មាន​ថ្ងៃមក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ទៅ​ គេ​នឹង​តម​អាហារ​នៅ​ថ្ងៃនោះ។​

21. គ្មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​នឹង​ក្រណាត់​ចាស់​ទេ​ បើ​ធ្វើ​ដូច្នោះ​ បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​ក្រណាត់​ចាស់​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​

22. ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត​ដែរ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។​

23. នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​កាត់​វាល​ស្រែ​ ហើយ​នៅ​តាម​ផ្លូវ​ ពួក​សិស្ស​បាន​ចាប់​ផ្ដើម​បូត​កួរ​ស្រូវ​

សូមអានជំពូកពេញលេញ ម៉ាកុស 2