10. ប៉ុន្ដែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ» ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖
11. «ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយទៅផ្ទះចុះ»
12. គាត់ក៏ក្រោកឡើងភ្លាម ហើយយកកន្ទេលចេញទៅនៅមុខមនុស្សទាំងអស់ ដូច្នេះ គ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូចនេះទាល់តែសោះពីមុនមក»។
13. ព្រះអង្គចេញទៅតាមមាត់បឹងម្ដងទៀត មនុស្សច្រើនកុះករមកតាមព្រះអង្គ ហើយព្រះអង្គបានបង្រៀនពួកគេ។
14. ពេលកំពុងយាងកាត់តាមទីនោះ ព្រះអង្គបានឃើញលោកលេវី ជាកូនលោកអាល់ផាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» គាត់បានក្រោកឈរឡើង រួចដើរតាមព្រះអង្គទៅ។
15. បន្ទាប់មក ព្រះអង្គបានចូលរួមបរិភោគអាហារនៅផ្ទះលោកលេវី ហើយមានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានចូលរួមបរិភោគជាមួយព្រះយេស៊ូ និងពួកសិស្សដែរ ព្រោះមានមនុស្សជាច្រើនកំពុងដើរតាមព្រះអង្គ
16. គ្រូវិន័យខាងគណៈផារិស៊ី ពេលឃើញព្រះអង្គបរិភោគអាហារជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ ក៏សួរពួកសិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាគាត់បរិភោគជាមួយអ្នកទារពន្ធដារ និងមនុស្សបាបដូច្នេះ?»
17. នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។