គម្ពីរសញ្ញាថ្មី

ម៉ាកុស 2:1-12 Khmer Christian Bible (KCB)

1. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​ម្ដង​ទៀត​ ហើយ​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ​ផ្ទះ​មួយ​

2. មនុស្ស​ជា​ច្រើន​បាន​មក​ផ្ដុំ​គ្នា​ ធ្វើ​ឲ្យ​គ្មាន​កន្លែង​នៅ​សល់​សោះ​ សូម្បី​តែ​នៅ​មាត់​ទ្វារ ​រីឯ​ព្រះអង្គ​ក៏​ប្រកាស​ព្រះបន្ទូល​ទៅ​កាន់​គេ​

3. ហើយ​មាន​មនុស្ស​បួន​នាក់​បាន​សែង​អ្នក​ស្លាប់​ដៃ​ជើង​ម្នាក់​មក​ឯ​ព្រះអង្គ​

4. តែ​ដោយសារ​មាន​មនុស្ស​ច្រើន​កក​កុញ​ពេក​ គេ​មិន​អាច​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ចូល​ទៅ​ខាង​ក្នុង​បាន​ទេ​ គេ​ក៏​រើ​ដំបូល​ចំ​កន្លែង​ដែល​ព្រះអង្គ​នៅ​ លុះ​បាន​រើ​ហើយ​ ក៏​សំរូត​មនុស្ស​ស្លាប់​ដៃ​ជើង​ដែល​កំពុង​ដេក​លើ​កន្ទេល​នោះ​ចុះ​

5. ព្រះអង្គ​បាន​ឃើញ​ជំនឿ​អ្នក​ទាំង​នោះ​ ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ជើង​នោះ​ថា៖​ «កូន​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ»​

6. មាន​គ្រូ​វិន័យ​ខ្លះ​កំពុង​អង្គុយ​នៅ​ទី​នោះ​រិះ​គិត​ក្នុង​ចិត្ដ​ថា៖​

7. «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​អ្នកណា​លើក​លែង​ទោស​បាប​បាន​ ក្រៅ​ពី​ព្រះជាម្ចាស់​តែ​មួយ​គត់?»​

8. ព្រះអង្គ​ឈ្វេង​យល់​ក្នុង​វិញ្ញាណ​ភ្លាម​ពី​គំនិត​គេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​កាន់​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​

9. តើ​ការ​ដែល​និយាយ​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការលើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ យក​កន្ទេល​របស់​អ្នក​ ដើរ​ទៅ​ មួយ​ណា​ស្រួល​ជាង?​

10. ប៉ុន្ដែ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​លើ​ផែន​ដី​នេះ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់អ្ន​ក​ស្លាប់​ដៃ​ជើង​ថា៖​

11. «ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ ចូរ​ក្រោក​ឡើង​ យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ផ្ទះ​ចុះ»​

12. គាត់​ក៏​ក្រោក​ឡើង​ភ្លាម​ ហើយ​យក​កន្ទេល​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់​ ដូច្នេះ​ គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច​នេះ​ទាល់​តែ​សោះ​ពី​មុន​មក»។​

សូមអានជំពូកពេញលេញ ម៉ាកុស 2