9. កាលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាឃើញមុនគេ គឺស្ដ្រីម្នាក់នេះហើយ ដែលព្រះអង្គបានបណ្ដេញអារក្សចំនួនប្រាំពីរចេញពីនាង
10. នាងបានចេញទៅប្រាប់ពួកអ្នកនៅជាមួយព្រះអង្គដែលកំពុងកាន់ទុក្ខ និងយំសោក
11. តែកាលពួកគេឮថា ព្រះអង្គមានព្រះជន្មរស់ ហើយនាងបានជួបព្រះអង្គនោះ ពួកគេមិនជឿទេ
12. ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គបានលេចមកជារូបរាងផ្សេងទៀតឲ្យមនុស្សពីរនាក់នៅក្នុងចំណោមពួកគេឃើញ ពេលកំពុងដើរទៅស្រុកចម្ការ
13. អ្នកទាំងពីរនោះបានទៅប្រកាសប្រាប់អ្នកឯទៀត ប៉ុន្ដែពួកគេក៏មិនជឿដែរ
14. ក្រោយមក ពេលពួកគេកំពុងអង្គុយនៅតុអាហារ ព្រះអង្គក៏លេចមកឲ្យសាវកទាំងដប់មួយឃើញ ហើយក៏បន្ទោសដល់ភាពគ្មានជំនឿ និងចិត្ដរឹងរូសរបស់ពួកគេ ព្រោះពួកគេមិនបានជឿតាមអ្នកដែលបានជួបព្រះអង្គ កាលព្រះអង្គរស់ឡើងវិញ
15. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អប្រាប់មនុស្សលោកទាំងអស់
16. អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
17. អ្នកជឿនឹងមានទីសំគាល់ដូចនេះ ពួកគេនឹងបណ្ដេញអារក្សនៅក្នុងឈ្មោះខ្ញុំ ហើយពួកគេនឹងនិយាយភាសាថ្មី
18. ពួកគេនឹងចាប់ពស់ដោយដៃ ហើយបើពួកគេផឹកអ្វីពុលនោះ ក៏គ្មានគ្រោះថ្នាក់ដែរ ពួកគេដាក់ដៃលើមនុស្សឈឺ មនុស្សឈឺនឹងបានជាសះស្បើយ»
19. ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
20. រីឯពួកគេក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ជួយពួកគេ និងបញ្ជាក់ពីព្រះបន្ទូលតាមរយៈទីសំគាល់នានាដែលបានកើតឡើង។