គម្ពីរសញ្ញាថ្មី

ម៉ាកុស 16:1-14 Khmer Christian Bible (KCB)

1. កាល​ថ្ងៃ​សប្ប័ទ​កន្លង​ផុត​ទៅ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​នាង​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​ ដើម្បី​យក​ទៅ​លាប​លើ​សព​ព្រះអង្គ​

2. នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ពេល​ថ្ងៃ​រះ​ ពួក​នាង​បាន​ទៅ​ផ្នូរ​

3. ហើយ​ពួក​នាង​បាន​និយាយ​គ្នា​ថា៖​ «តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ពី​មាត់​ច្រក​ចូល​ក្នុង​ផ្នូរ​ឲ្យ​យើង?»​

4. ប៉ុន្ដែ​ពេល​សម្លឹង​មើល​ទៅ​ ពួក​នាង​ឃើញ​ថា​ ថ្ម​ដ៏​ធំនោះ​ត្រូវ​គេ​ប្រមៀល​ចេញ​ទៅ​ហើយ​

5. ពេល​ចូល​ទៅ​ក្នុង​ផ្នូរ​ ពួក​នាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​ ពាក់​អាវ​វែង​ពណ៌​ស​ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង​

6. ប៉ុន្ដែ​អ្នក​នោះ​ប្រាប់​ពួក​នាង​ថា៖​ «កុំ​ភ័យ​អី!​ អ្នក​រាល់គ្នា​កំពុង​រក​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ តែ​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទី​នេះ​ទៀត​ទេ​ ចូរ​មើល​កន្លែង​ដែល​គេ​ដាក់​សព​ព្រះអង្គ​ចុះ​

7. រួច​ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​ និង​លោក​ពេត្រុស​ថា​ ព្រះអង្គ​កំពុង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ហើយ​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទី​នោះ​ ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់»​

8. ពួក​នាង​បាន​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញាប់​ញ័រ​ ហើយ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ទេ​ ព្រោះ​ពួក​នាង​ខ្លាច។​

9. កាល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ព្រះអង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ឃើញ​មុន​គេ​ គឺ​ស្ដ្រី​ម្នាក់​នេះ​ហើយ​ ដែល​ព្រះអង្គ​បាន​បណ្ដេញ​អារក្ស​ចំនួន​ប្រាំ​ពីរ​ចេញ​ពី​នាង​

10. នាង​បាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​នៅ​ជាមួយ​ព្រះអង្គ​ដែល​កំពុង​កាន់​ទុក្ខ​ និង​យំ​សោក​

11. តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​

12. ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​ ព្រះអង្គ​បាន​លេច​មក​ជា​រូបរាង​ផ្សេង​ទៀត​ឲ្យ​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ឃើញ​ ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ​

13. អ្នក​ទាំង​ពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​ ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿ​ដែរ​

14. ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​

សូមអានជំពូកពេញលេញ ម៉ាកុស 16