គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:9-23 Khmer Christian Bible (KCB)

9. ប៉ុន្ដែ​លោក​ពីឡាត់​ឆ្លើយ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេច​របស់​ជន​ជាតិ​យូដា​ដល់​អ្នក​រាល់គ្នា​វិញ​ទេ?»​

10. ព្រោះ​គាត់​ដឹង​ថា​ ពួក​សម្ដេច​សង្ឃ​ប្រគល់​ព្រះអង្គ​ឲ្យ​គាត់​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​

11. ប៉ុន្ដែ​ពួក​សម្ដេច​សង្ឃ​បាន​ញុះ​ញង់​បណ្ដា​ជន​ឲ្យ​សុំ​គាត់​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​វិញ​

12. លោក​ពីឡាត់​ឆ្លើយ​នឹង​ពួកគេ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ជាមួយ​នឹង​អ្នក​ដែល​អ្នក​រាល់គ្នា​ហៅ​ថា​ ស្ដេច​របស់​ជន​ជាតិ​យូដា​នេះ?»​

13. ពួកគេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា៖​ «ឆ្កាង​វា​ទៅ!»​

14. ប៉ុន្ដែ​លោក​ពីឡាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី?​ តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?»​ ប៉ុន្ដែ​ពួកគេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ «ឆ្កាង​វា​ទៅ!»​

15. ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​

16. ពួក​ទាហាន​ក៏​យក​ព្រះអង្គ​ចូល​ទៅ​ក្នុង​ទី​ធ្លា​បន្ទាយ​ និង​បាន​ហៅ​ពួក​ទាហាន​ទាំង​អស់​មក​ជួប​ជុំ​គ្នា​

17. ពួកគេ​បាន​បំពាក់​សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គ​ និង​យក​មកុដ​បន្លា​ដែល​គេ​ក្រង​ មក​បំពាក់​ឲ្យ​ព្រះអង្គ​

18. រួច​ពួកគេ​ចាប់​ផ្ដើម​គំនាប់​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ស្ដេច​របស់​ជន​ជាតិ​យូដា!»​

19. ហើយ​ពួកគេ​ក៏​វាយ​ព្រះ​សិរ​ព្រះអង្គ​នឹង​ដំបង​ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ រួច​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះអង្គ​ទៀត។​

20. កាល​ពួកគេ​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គ​ និង​បាន​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​ក៏​នាំ​ព្រះអង្គ​ចេញ​ ដើម្បី​យក​ទៅ​ឆ្កាង។​

21. មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នក​ក្រុង​គីរេន​ជា​ឪពុក​របស់​អ័លេក្សានត្រុស​ និង​រូភូស​ ដែល​បាន​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​

22. ពួកគេ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ឈ្មោះ​ គាល់កូថា​ (ដែល​ប្រែ​ថា​ តំបន់​លលាដ៍​ក្បាល)​

23. ពួកគេ​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ផឹក​ទេ​

សូមអានជំពូកពេញលេញ ម៉ាកុស 15